ប៉ៃលិន៖ ដោយអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជួយប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីប្រជាកសិករក្រីក្រ ម្ចាស់ចំការផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារ នៅទូទាំងខេត្ត ដើម្បីយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំងប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌល។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រសាសន៍លើកឡើងថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជានិច្ចជាកាលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះទេ ហើយជាក់ស្តែងនៅពេលនេះ លោកទាំងទ្វេរ បានអន្តរាគមន៍ជួយប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីប្រជាកសិករក្រីក្រ ដែលកំពុងមានបញ្ហាទីផ្សារក្នុងបរិបទកូវីដ-១៩។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានប្រសាសន៍បញ្ជាក់ថា៖ ការជួយទិញផ្លែមៀនប៉ៃលិននេះ គឺទិញពីម្ចាស់ចំការក្រីក្រផ្ទាល់ ដោយមិនមែនកសិកដ្ឋាន ឬចំការរបស់មន្ត្រីទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញនោះទេ គឺត្រូវរកទីផ្សារដោយខ្លួនឯង ហើយផ្លែមៀនប៉ៃលិន ដែលបានជួយទិញពីកសិករនេះ គឺសម្តេចទាំងទ្វេរ មិនមែននាំយកទៅលក់នៅក្នុងទីផ្សារមួយណានោះទេ គឺនាំយកទៅធ្វើកម្មវិធីមនុស្សធម៌ ដូចជា៖ ចែកជូនដល់កម្លាំងគ្រប់ប្រភេទ មន្ត្រី និងក្រុមគ្រូពេទ្យជួរមុខ ពិសេសជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលនានា។
លោកជំទាវ បាន ស្រីមុំ ក្នុងនាមអាជ្ញាធរខេត្ត និងជួសមុខឲ្យប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលជាម្ចាស់ចំការមៀន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយដោះស្រាយ ចំពោះបញ្ហាទីផ្សារផ្លែមៀននេះ ដល់ប្រជាកសិករក្រីក្រម្ចាស់ចំការ ស្របពេលដែល សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កំពុងជួបការលំបាក ដោយសារជម្ងឺរាតត្បាតកូវីដ-១៩ផង។
ចំណែកកសិករដែលជាម្ចាស់ចំការមៀនប៉ៃលិន បានសម្តែងនូវក្តីរំភើបសប្បាយរីករាយឥតឧបមារកអ្វីប្រៀបផ្ទឹមមិនបាន ចំពោះកាយវិការរបស់សម្តេចទាំងទ្វេរ ដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដូចរូបគាត់ និងកសិករដទៃទៀត ដោយបានចាត់តាំងឲ្យក្រុមការងារចុះផ្ទាល់ ជួយទិញផ្លែមៀន ដែលកំពុងជួបបញ្ហាលក់មិនចេញទៅកាន់ទីផ្សារ ដើម្បីជួយស្រោចស្រង់ការខាតបង់ដើមទុន និងកម្លាំងជាច្រើនកន្លងមកក្នុងផលិត។
សូមបញ្ជាក់ថា៖ គ្រាន់តែនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានប្រមូលទិញផ្លែមៀនប៉ៃលិន ពីប្រជាកសិករក្រីក្រម្ចាស់ចំការផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារ នៅទូទាំងខេត្ត សរុបចំនួន ១០តោន និងនៅបន្តទិញបន្ថែមទៀត ដើម្បីយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំងប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌល៕