រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ខេត្តប៉ៃលិន ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ

  • 342
  • ដោយ poeuninfo

ប៉ៃលិន៖ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្របខណ្ឌទូទាំងខេត្តប៉ៃលិន ព្រមទាំង​ក្រុម​ការងារ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះតទៅ នៅមន្ទីរ​ពេទ្យ​បង្អែកខេត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ កុមារ និងយុវជន នៅមន្ទីរ​ពេទ្យបង្អែកខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើក​ឡើងថា៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុក​ដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ជូនដល់ក្មួយៗដែលជាទំពាំងស្នង​ឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩។

លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

 ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៍កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវ​បន្តចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន នូវ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​វិធាន​ការណ៍​ការពារ ៣.​ការពារ ៣.​កុំ របស់​សម្តេច​តេ​ជោ ហ៊ុនសែន ដើម្បី​កាត់ផ្តាច់​ការឆ្លង​រាលដាល​នៃជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​របស់​យើង​។​

សូមបញ្ជាក់ថា៖ នៅទូទាំងខេត្តប៉ៃលិន កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំដែលត្រូវចាក់វ៉ាក់សាំង មានចំនួន ១០០០៩នាក់ ក្នុងនោះក្រុងប៉ៃលិន ចំនួន ៥២២៣នាក់ និងស្រុកសាលាក្រៅ ចំនួន ៤៧៨៦នាក់ ហើយកន្លងមក រដ្ឋបាលខេត្ត បានជម្រាបជូនដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាលទាំងអស់នៅទូទាំងខេត្ត អោយនាំយកកូនចៅ ដែលមាន​អាយុ​ចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ មកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ​បង្អែក​ខេត្តប៉ៃលិន គឺចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តទៅ មានរយៈពេល ១៤ថ្ងៃ ដោយពេលព្រឹកចាប់ពីម៉ោង ៨៖០០ នាទីព្រឹក ដល់ម៉ោង ១១៖០០ នាទី ពេលរសៀលចាប់ពីម៉ោង ២៖០០ នាទីរសៀល ដល់ម៉ោង ៥៖០០ នាទីល្ងាច៕

អត្ថបទទាក់ទង