នៅក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅក្នុងភូមិសាស្ត្រខេត្តនៅប៉ៃលិននៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យការចេញចូលប្រទេស និងធ្វើចត្តាលីស័ក បានសម្ដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិនក្រោមការដឹកនាំរបស់លោកជំទាវបានស្រីមុំ និងមន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានរៀបចំទីតាំងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកពីព្រះរាជាណាចក្រថៃឡង់ដ៍និងបងប្អូនដែលធ្វើដំណើរមកពីបណ្ដាខេត្តផ្សេងៗទទួលធ្វើចត្តាលីស័កនិងការព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយផាសុខភាព។ ឯកឧត្តមបានមានប្រសាសន៍ថាសុំឱ្យបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងតែធ្វើចត្តាឡីស័កនិងកំពុងតែព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិនទាំងអស់គឺខិតខំអត់ធ្មត់ស្ដាប់តាមការណែនាំរបស់ប្រធានមណ្ឌលនីមួយៗ នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ហើយជាពិសេសនោះបច្ចុប្បន្នជំងឺកូវី-១៩បម្លែងថ្មីដែលមានឈ្មោះថា ដែលតា កំពុងតែរីករាលដាលនៅក្នុងបណ្ដាខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជានិងក៏បានឆ្លងចូលទៅដល់រាជធានីភ្នំពេញមួយចំនួនផងដែរ ដូច្នេះឯកឧត្តមសូមឱ្យបងប្អូនដែលកំពុងធ្វើចត្តាលីស័កមានសភាពអត់ធ្មត់នឹងននឹងខិតខំប្រឹងប្រែងថែទាំសុខភាពអោយបានល្អធ្វើយ៉ាងណាត្រូវរស់នៅនិងធ្វើចត្តាឡឺស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាវិធានការនានារបស់រដ្ឋបាលខេត្តប៉ៃលិនក្នុងអំឡុងរយៈពេលធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ ។
លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនដែលបានទទួលស្វាគមន៍ដំណើរបេសកកម្មរបស់ឯកឧត្តមហ៊ុនម៉ានិតនៃការនោះបានមានប្រសាសន៍ថាបច្ចុប្បន្ននេះខេត្តប៉ៃលិនបានធ្វើរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡឺស័កនិងទីតាំងសម្រាប់ព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកជំងឺកូវី19 ចំនួន៩ ទីតាំងក្នុងនោះនៅក្នុងក្រុងប៉ៃលិនចំនួន ០៣ទីតាំង និងនៅស្រុកសាលាក្រៅចំនួន ០៦ទីតាំង។ លោកជំទាវបន្តថាសម្រាប់ទីតាំងធ្វើចត្តាឡីស័កនិងការព្យាបាលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដារតែមួយដែលមានសម្ភារះប្រើប្រាស់ ប្រព័ន្ធទឹកប្រព័ន្ធភ្លើងនិងបន្ទប់ទឹក បង្គន់អនាម័យប្រើប្រាស់ ការផ្គត់ផ្គង់អាហារបីពេល គ្រប់គ្រាន់សមរម្យ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានទទួលបងប្អូនប្រជាពលករដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរដូចជាខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបជាដើម។
សូមបញ្ចាក់ថា ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាន់តែលឿនជាពិសេសវីរុសបំលែងខ្លួនថ្មីហៅថាដែលតា រាជរដ្ឋាភិបាលបានសម្រេចបិទខេត្តចំនួន០៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃឡង់រួមមានខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យឧត្តរមានជ័យ ព្រះវិហារនិងរួមមានខេត្តសៀមរាបផងដែរ។ ដោយឡែកសម្រាប់ខេត្តប៉ៃលិនផ្ទាល់ក៏បានដាក់ចេញនូវសេចក្ដីសម្រេចនិងសេចក្ដីណែនាំចំនួនពីរផ្សេងគ្នាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងនោះរួមមានការអនុវត្តវិធានការបម្រាមគោចរចន្លោះពីម៉ោង៩ យប់ ដល់ម៉ោង៣ទៀបភ្លឺ និងការផ្អាកជាបណ្ដោះអាសន្នរយះពេល១៤ ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នូវមុខរបរអាជីវកម្មដូចជាខារ៉ាអូខេ រម្មណីយដ្ឋាន អាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ កន្លែងហាត់ប្រាណ ព្រមទាំងកន្លែងលេងកីឡាផ្សេងៗទៀត ការជួបជុំឬការប្រមូលផ្ដុំជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចលើកលែងតែករណីក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា ការហាមឃាត់ការជួបជុំឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទភោជនីយដ្ឋាន អាហារដ្ឋានអនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះដោយមិនអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាននិងអាហារដ្ឋានដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាលជាពិសេសការរក្សានៅគម្លាតសុវត្ថិភាពបុគ្គលនិងសង្គមសកម្មភាពការជួបជុំឬការប្រមូលផ្ដុំមនុស្សសកម្មភាពការងារមុខរបស់និងអាជីវកម្មដែលត្រូវបានអនុញ្ញាតត្រូវអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលបានម៉ឺងម៉ាត់ជាពិសេសកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលនឹងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគការវាស់កំដៅនិងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត៕