ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅរាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កងកម្លាំងចម្រុះ ទាំង ៣ប្រភេទ របស់គណៈបញ្ជាការឯកភាពខេត្ត បានដាក់គោលដៅត្រួតពិនិត្យយ៉ាងតឹងរឹងចំនួន ៤ទីតាំង ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន (ស្រុកសាលាក្រៅ ចំនួន ២គោលដៅ និងក្រុងប៉ៃលិន ចំនួន ២គោលដៅ) ក្នុងអំឡុងពេលអនុវត្តន៍បម្រាមគោចររបស់រដ្ឋបាលខេត្ត ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១៖០០នាទី ដល់ម៉ោង៣៖០០នាទីទៀបភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បម្លែងថ្មី Delta៕
បើតាមការអោយដឹងពីកម្លាំងសមត្ថកិច្ចចម្រុះដែលកំពុងអនុវត្តន៍ការងារនេះ បានឱ្យដឹងថា៖ ការចុះអនុវត្តនូវបម្រាមគោចរ តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន លេខ០៩០/២០.សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ គឺនៅ ៣ថ្ងៃដំបូង ឃើញថាមានបងប្អូនប្រជាពលរដ្ឋយើងច្រើន បានល្មើសទៅនឹងបំរាមគោចរនេះ តែនៅថ្ងៃបន្ទាប់ៗទៀត បងប្អូនប្រជាពលរដ្ឋ មានការចូលរួមច្រើន មានន័យថា អ្នកដែលល្មើសនឹងបម្រាមគោចរនេះ គឺមានការថយចុះ។
ប្រភពដដែលបានបន្តថា៖ សម្រាប់អ្នកដែលល្មើសនឹងបម្រាមគោចរលើកទី១ គឺគ្រាន់តែឃាត់ធ្វើការអប់រំណែនាំ និងពិន័យអោយអាវ៉ង់ដី តែប៉ុណ្ណោះ ហើយអនុញ្ញាតអោយត្រលប់ទៅលំនៅដ្ឋានវិញ តែបើល្មើសជាលើកទី២ទៀត នឹងត្រូវធ្វើការផាកពិន័យ តាមមាត្រា ១០នៃច្បាប់ ពីបទមិនគោរពវិធានការរដ្ឋបាល ព្រោះសមត្ថកិច្ចបានកត់ឈ្មោះ និងស្លាកលេខមធ្យោបាយធ្វើដំណើរទុក។
សូមបញ្ជាក់ថា៖ បើតាមទណ្ឌកម្មចំពោះ “បទមិនគោរពវិធានការរដ្ឋបាល មាត្រា១០ នៃច្បាប់ គឺ ១-បទមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩_ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល ២-បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ) និង ៣-បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល (បើបានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ)៕