រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវឡើងទៅកាន់រម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ

  • 563
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវ ១ខ្សែរឡើងទៅកាន់រម្មណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីផ្តល់សេវាឱ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន។លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ទឹកធ្លាក់ភ្នំខៀវជាទីតាំងទេសចរណ៍ធម្មជាតិមួយដែលមានសក្តានុពលដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត ប៉ុន្តែកន្លងទៅនេះដោយសារស្ថានភាពផ្លូវមានការលំបាកហើយទីតាំងសម្រាប់ចតម៉ូតូរថយន្តមានភាពតូចចង្អៀតទើបរដ្ឋបាលខេត្តធ្វើការកែសម្រួលផ្លូវដោយមានការចូលរួមពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តធ្វើផ្លូវបេតុងបានមួយចំនួន នឹងបន្តពង្រីកផ្លូវឲ្យកាន់តែធំជាងមុននិងពង្រីកទីតាំងឲ្យកាន់តែទូលាយជាងមុនព្រមជាមួយនឹងការរៀបចំសំអាតអនាម័យនិងការដាក់កញ្ចុះសម្រាប់ភ្ញៀវទេសចរផង។ដែរលោកជំទាវបន្តថាដើម្បីបង្កើនសោភ័ណ្ឌភាពឲ្យកាន់តែមានការទាក់ទាញរដ្ឋបាលខេត្តក៏មានគម្រោងបង្កើតទីតាំងសួនផ្កានៅតាមផ្លូវចូលទឹកធ្លាក់នៅអមសងខាងផ្លូវគួបផ្សំជាមួយនឹងសម្រស់ព្រៃភ្នំធម្មជាតិដែលមានពណ៌ខៀវស្រងាត់គ្រប់រដូវកាលនិងអាចបង្កើតការទាក់ទាញនិងចំណាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅថ្ងៃអនាគត់។លោកជំទាវបន្តថាដោយសារបច្ចុប្បន្នយើងកំពុងប្រឈមមុខនឹងការឆ្លងរាលដាលជំងឺកូវី19 ដូច្នេះសកម្មភាពជួបជុំនិងការដើរកម្សាន្តរបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយស្ទើរទាំងស្រុងហើយនេះក៏ជាឱកាសមួយសម្រាប់រដ្ឋបាលខេត្តប៉ៃលិនបន្តធ្វើការអភិវឌ្ឍន៍ទីតាំងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅអោយបានកាន់តែប្រសើរ។ឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។សូមបញ្ជាក់ថា៖ រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ ដែលមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត កំពុងធ្វើការស្ថាបនាផ្លូវប្រវែង ៣គីឡូម៉ែត្រ និងចាក់បេតុង ប្រវែង ១០០ម៉ែត្របន្ថែមទៀត ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ៕

អត្ថបទទាក់ទង