រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រជាពលរដ្ឋជិតមួយម៉ឺនប្រាំមួយនាក់បានមកទទួលការចាក់វ៉ាក់សាំងបង្ការកូវីតដ19 នៅក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំសម្រាប់ខេត្តប៉ៃលិន

  • 391
  • ដោយ poeuninfo

ប្រជាពលរដ្ឋជិតមួយម៉ឺនប្រាំមួយនាក់បានមកទទួលការចាក់វ៉ាក់សាំងបង្ការកូវីត19

នៅក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំសម្រាប់ខេត្តប៉ៃលិនដែលចាប់ដំណើរការពីថ្ងៃទី 8 ខែកក្កដារហូតដល់ថ្ងៃទី 10 នេះមានរយៈពេល 3ថ្ងៃ ដែលប្រជាពលរដ្ឋបានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ19 ចំនួន១៥.៩២៥នាក់ ដែលនេះជាចំនួនដ៏ច្រើនមួយដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងនៅតាមមណ្ឌលចាក់វ៉ាក់សាំងនានាដែលរដ្ឋបាលខេត្តប៉ៃលិនបានរៀបចំចំនួន 5ទីតាំងនិងសរុបមាន 7កន្លែង។ យុទ្ធនាការនៃផ្តល់វ៉ាក់សាំងនេះត្រូវបានធ្វើឡើងរយះពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ខែ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ដែលបានអញ្ជើញចុះពិនិត្យមើលនៅតាមទីតាំងផ្ទាល់បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ19 ដែលខេត្តប៉ៃលិនទទួលបានមានចំនួន 5 ម៉ឺនដូស ដែលផ្ដល់ដោយរាជរដ្ឋាភិបាលក្រោមការយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជានៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ចាក់ជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌខេត្តប៉ៃលិនទាំងមូល។លោកជំទាវបន្តថាវ៉ាក់សាំងគឺជាឧបករណ៍ដ៏សំខាន់និងមានតម្លៃសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលរួមផ្សំជាមួយនឹងវិធានការរបស់ក្រសួងសុខាភិបាលគឺ 3 ការពារនិង 3 កុំ។ 

នៅក្នុងឱកាសនោះលោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនដែលបានចូលរួមការងារជាយ៉ាងសកម្មជាមួយនឹងក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិនក្នុងការជួយសម្របសម្រួលបងប្អូនប្រជាពលរដ្ឋដែលមកទទួលបាក់សាំងនៅតាមមណ្ឌលនានាក្នុងនោះមានក្រុមយុវជនសហភាពសហព័ន្ធនៅតាមមន្ទីរអង្គភាពនានានិងនៅតាមមូលដ្ឋាន និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងខេត្តប៉ៃលិនទាំងមូលសូមមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ19 ឱ្យបានគ្រប់គ្នានៅតាមមណ្ឌលនានាដែលអភិបាលខេត្តប៉ៃលិនបានរៀបចំជូន។

    គួរកត់សម្គាល់ថាមួយរយៈចុងក្រោយនេះអត្រាឆ្លងជំងឺ covid-19 នៅខេត្តប៉ៃលិនមានការថយចុះស្ទើរទាំងស្រុងក្រោមការយកចិត្តទុកដាក់របស់លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនដែលបានដាក់វិធានការទប់ស្កាត់ការពារបានទាន់ពេលវេលានិងការគ្រប់គ្រងនៅតាមតំបន់ដែលមានហានិភ័យបានល្អ។ចំពោះទិន្នន័យនៃការកើតមានជំងឺកូវីដ19 ដែលរដ្ឋបាលខេត្តបានធ្វើសេចក្ដីប្រកាសព័ត៌មានប្រចាំថ្ងៃនៃការឆ្លងគឺជាប្រជាពលរដ្ឋដែលធ្វើដំណើរមកពីប្រទេសថៃត្រឡប់ចូលមកប្រទេសកម្ពុជាវិញ និងប្រជាពលរដ្ឋដែលធ្វើដំណើរពីបណ្ដាខេត្តផ្សេងៗមកខេត្តប៉ៃលិនហើយត្រូវបានរកឃើញនៅតាមគោលដៅនានាដែលរដ្ឋបាលខេត្តបានដាក់នៅតាមព្រំប្រទល់នៃខេត្តប៉ៃលិននិងខេត្តបាត់ដំបង៕

អត្ថបទទាក់ទង