ប៉ៃលិន៖ រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានចំនួន ៥ទីតាំង ក្នុងនោះក្រុងប៉ៃលិន ចំនួន ២ទីតាំង និងស្រុកសាលាក្រៅចំនួន ៣ទីតាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយការស្ម័គ្រចិត្ដ គឺជាកាតព្វកិច្ច និងជាការចូលរួមអនុវត្ដន៍នូវវិធានការសុខាភិបាល ដើម្បីការពារការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងប្រទេស និងសហគមន៍ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បន្ទាប់ពីបានទទួលវ៉ាក់សាំង តាមរយៈការកម្មងទិញ និងជំនួយ ជាបន្តបន្ទាប់ ដូចជា៖ ស៊ីណូហ្វាម, ស៊ីណូវ៉ាក់ និងអាស្ត្រាហ្សេនីកា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមធ្វើការចាក់វ៉ាក់សាំងដល់ អ្នកនយោបាយ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ ក្រុមអ្នកសារព័ត៌មាន និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ ហើយបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងនេះផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា នៅតាមទីតាំងដែលជិតខ្លួនរស់នៅ ហើយមិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធានការការពារ COVID-19 របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ ជាពិសេសត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗ និងជាសចាកឆ្ងាយពីគ្រឿងញៀន។
សូមបញ្ជាក់ថា៖ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាក់ ដល់ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន គឺមានចំនួន ៥ទីតាំង៖ -ទីតាំងទី១: មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំនួន០២កន្លែង,-ទីតាំងទី២: មណ្ឌលសុខភាពក្រចាប់ ចំនួន ០១កន្លែង -ទីតាំងទី៣: មណ្ឌលសុខភាពផ្សារព្រំ ចំនួន ០២កន្លែង-ទីតាំងទី៤: មណ្ឌលសុខភាពភ្នំស្ពង់ ចំនួន ០១កន្លែង និង-ទីតាំងទី៥: មណ្ឌលសុខភាពភ្នំព្រាល ចំនួន ០១កន្លែង៕