រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មន្រ្តី (ក.ប.ប) ខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ

  • 807
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ខេត្តប៉ៃលិន ដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យ និងធ្វើតេស្តឃីត (Test Kit) លើម្ហូបអាហារ ព្រមទាំងណែនាំដល់អាជីវករ ដែលដាក់តាំងលក់ម្ហូបអាហារ និងទំនិញ នៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ​អំពីការទប់ស្កាត់ចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ទំនិញហួសសុពលភាព និងខូចគុណភាព ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោក ឈឹម វាសនា បានមានប្រសាសន៍ឱ្យដឹងថា៖ ការទប់ស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់សារធាតុគីមី គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោកប្រធានសាខាបានមានប្រសាសន៍បន្តថា៖ ទំនិញដែលមន្រ្តីរបស់លោក តែងតែធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងធ្វើតេស្ត ឃីត ពិនិត្យរកសារជាតិគីមីនៅលើគ្រឿងសមុទ្រ បន្លែ ត្រីសាច់ ជាដើម ដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ ពលរដ្ឋ និងអាជីវករទាំងអស់ ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។

លោក ឈឹម វាសនា បានមានប្រសាសន៍បញ្ជាក់ថា៖ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្រា្កបការលបលួចនាំចូល ការផលិត ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ដែលជនខិលខូច បានក្លែងបន្លំចរាចរណ៍លក់នៅលើទីផ្សារ និងម្ហូបអាហារដែលខូចគុណភាពមានសារធាតុគីមី ហើយយើងក៏បានអប់រំផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ ដូច្នេះហើយសូមអោយ បងប្អូនអាជីវករ លក់នៅតាមបណ្តាតូបនានា មេត្តាសហការជាមួយសមត្ថកិច្ច និងកុំគិតតែផលចំណេញជាធំ និងសុំអោយទាំងអស់គ្នា រួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូបអាហារលើទីផ្សារ។

សូមបញ្ជាក់ថា៖ ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រី (ក.ប.ប)ខេត្ត បានធ្វើតេស្តឃីត ត្រួតពិនិត្យលើចំណីអាហារសំខាន់ៗរួមមាន៖ គ្រឿងសមុទ្រ ពពុះសណ្តែក បាញ់កាញ់ គុយទាវ ប្រហិត គ្រឿងទេស ជាលទ្ធផលអវិជ្ជមាន គឺមិនមានផ្ទុកសារធាតុគីមីធ្វើអោយប៉ះពាល់សុខភាពនោះទេ ប៉ុន្តែត្រួតពិនិត្យរកឃើញមានគ្រឿងសំអាង និងឡេមួយចំនួន ដែលដាក់តាំងលក់ មានការផុតកំណត់កាលបរិច្ឆេទផងដែរ។ ញ៉ឹប បូរី ប៉ៃលិន

អត្ថបទទាក់ទង