រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោកជំទាវបណ្ឌិត បាន ស្រីមុំ ណែនាំអោយសិស្សានុសិស្សយកចិត្តទុកដាក់ខ្ពស់លើការបង្ការទប់ស្កាត់ការចំលងមេរោគកូវីដ១៩

  • 587
  • ដោយ poeuninfo

មានប្រសាសន៍ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំអោយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការបង្ការទប់ស្កាត់ការចំលងមេរោគកូវីដ១៩។ លោកជំទាវបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មេរោគកូវីដ១៩ កំពុងរាតត្បាតក្នុងប្រទេសជាច្រើននៅលើពិភពលោក ហើយក្នុងនោះប្រទេសថៃដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ក៏កំពុងមានការឆ្លងរាលដាលយ៉ាងច្រើនចូលក្នុងសហគមន៍ និងបានចំលងដល់ប្រជាពលករកម្ពុជាដែលទៅធ្វើការនៅក្នុងប្រទេសថៃផងដែរ។ ពេលនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការវិលត្រឡប់របស់ប្រជាពលករកម្ពុជាពីប្រទេសថៃ ដែលតម្រូវអោយពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន មុនអនុញ្ញាតិអោយពួកគាត់ត្រឡប់ទៅជួបក្រុមគ្រួសាររបស់ពួកគាត់វិញ។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់នៅពេលដែលដឹងថាមានប្រជាពលករត្រលប់ពីប្រទេសថៃចូលមកក្នុងភូមិដ្ឋានរបស់ខ្លួន ដើម្បីអោយក្រុមគ្រូពេទ្យប្រញាប់នាំពួកគាត់មកមណ្ឌលធ្វើចត្តាឡីស័ក។ ប្អូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នា និងត្រូវលាងដៃជាមួយទឹកស្អាត ឬអាល់កុលអោយបានញឹកញាប់ ជៀសវាងការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ នៅក្នុងសាលារៀនរបស់ខ្លួន។ លោកជំទាវបានមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំខេត្ត មន្រ្តីជំនាញ និងកងកំលាំងប្រសាប់អាវុធគ្រប់ស្ថាប័នក្នុងខេត្តប៉ៃលិន យើងបានធ្វើការយ៉ាងមានប្រសិទ្ធភាពជាមួយប្រជាពលករដែលត្រលប់ពីប្រទេសថៃ ហើយក៏មិនទាន់មានការចំឡងនៃមេរោគកូវីដ១៩ ពីប្រជាពលករចូលក្នុងសហគមន៍ខេត្តប៉ៃលិននៅឡើយទេ។ បច្ចុប្បន្ននេះមានប្រជាពលករកម្ពុជាឆ្លងដែនពីប្រទេសថៃ ចំនួន១៣នាក់ ដែលធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ ដែលយើងគ្រប់គ្រងបានយ៉ាងល្អ  និងជាង៣០០នាក់ទៀតកំពុងធ្វើចត្តាឡីស័ក នៅក្នុងបន្ទប់សណ្ឋាគារចំនួន៤កន្លែង និង បោះតង់ក្នុងបរិវេណមន្ទីរបក្សខេត្តផងដែរ ដោយមិនបានយកទីតាំងសាលារៀនណាមួយសម្រាប់ធ្វើចត្តាឡីស័កឡើយ ព្រោះខ្លាចប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សយើង។ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នេះដែរ លោកជំទាវក៏បានណែនាំអោយសិស្សានុសិស្សទាំងអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងបានប្តេជ្ញាចិត្តថា នឹងបង្ក្រាប ទប់ស្កាត់ការចារាចរ ប្រើប្រាស់គ្រឿភងញៀននៅក្នុងខេត្តប៉ៃលិនអោយបានច្រើនជាអតិបរមារ។ លោកជំទាវក៏បានណែនាំអោយថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំអស់ ត្រូវយកចិត្តទុកដាក់ សំអាត អនាម័យ និងកែលម្អសោភ័ណភាពក្នុងសាលារៀនអោយបានស្អាត ពិសេសសាលារៀនដែលជាអំណោយដ៏ថ្ងៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះផងដែរលោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីបើកបវេសនកាល, ក្នុងនោះមានសិស្ស ចំនួន ៣៤៦នាក់ ដោយក្នុងម្នាក់ទទួលបាលសៀវភៅ១ក្បាល ប៊ិក,ជ័រលុប១ប្រអប់ និងថវិកាចំនួន១០០០០រៀល, លោកគ្រូ អ្នកគ្រូ ចំនួន ១២០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន៧០០០០រៀល៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង