មានប្រសាសន៍ក្នុងពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១១ ឆ្នាំ២០២០ ក្រោមប្រធានបទ អនាម័យ និងការសម្អាតសម្រាប់អ្នកទាំងអស់គ្នា, ក្នុងបរិបទការរីករាលដាល នៃជំងឺកូវីដ-១៩, នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍ថា៖ វិស័យទឹកស្អាត និងអនាម័យជនបទនៅខេត្តប៉ៃលិននាឆ្នាំ២០២០នេះ មានការកើនឡើង បើប្រៀបធៀបឆ្នាំ២០១៩កន្លងទៅ។ ក្នុងបរិបទកូវីដ-១៩ ឆ្នាំ២០២០នេះ គឺអត្រាអនាម័យជនបទមានការកើនដល់ ៧៣%ដោយ ខ្នងផ្ទះប្រជាពលរដ្ឋដែលបានប្រើប្រាស់បង្គន់ អនាម័យមានចំនួន១១,២៣៨ខ្នងផ្ទះ បើធៀបឆ្នាំ២០១៩ កើនបាន ៥៦៧ខ្នងផ្ទះ ស្មើ៤%។ អត្រាសេវាផ្គត់ផ្គង់ទឹកស្អាតកើនដល់ ៦៧% បើធៀបឆ្នាំ២០១៩ កើនបាន ៥%។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការពន្យល់ណែនាំ ជំរុញអោយប្រជាពលរដ្ឋ យល់ដឹង ភ្ញាក់រលឹក និងងាកមកចូលរួមអនុវត្តនូវក្បួនអនាម័យ សុខភាព ទាំងអស់គ្នា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ចំពោះអនាម័យជនបទ ពីព្រោះស្ថានភាពអនាម័យជនបទ គឺជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងវិស័យសុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ លើការប្រតិបត្តិអនាម័យអោយបានជាប្រចាំ ដើម្បីឈានទៅរកធ្វើការផ្លាស់ប្តូរទម្លាប់ ពីការរស់នៅគ្មានអនាម័យអោយក្លាយទៅជាការរស់នៅមានអនាម័យ ក្នុងការលើកកម្ពស់វិស័យ សុខភាពសាធារណៈ និងជីវភាពរស់នៅ របស់ពលរដ្ឋអោយមានភាពប្រសើរឡើង នៅតាមសហគមន៍ជនបទ។
នៅក្នុងឱកាសនោះផងដែ ឯកឧត្តម ឃ្លោក នួយ ក៍បានមានប្រសាសន៍ណែនាំដល់មន្ទីរ អង្គភាព និងជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងបំផុសការយល់ដឹង អំពីអនាម័យជនបទ ជាពិសេសនៅតាមតំបន់ទីជនបទដាច់ស្រយ៉ាល។ ពិនិត្យ កែសម្រួល៖ វួច ពឿន