ព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទៅស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ រួមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅផ្តល់ជូនលោកអនុសេនីយ៍ឯក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ នៃកងការពារព្រំដែនលេខ៥០៤ ដែលកំពុងមានជម្ងឺសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តី មិនដែលបំភ្លេចនូវគុណូបការៈដ៏ធំធេងរបស់វរៈកងទ័ពទាំងឡាយ ដែលធ្លាប់បានបូរជាសាច់ស្រស់ ឈានស្រស់ក្នុងការការពារជាតិមាតុភូមិ ការពារភាពសុខសន្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាការពារាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆន្ទះរបស់ប្រជាពលរដ្ឋកម្ពុជានោះឡើយ។ ជាក់ស្តែងនៅខណៈពេលនេះ បន្ទាប់ពីទទួលបានរបាយការណ៍ពីស្ថានភាពជំងឺរបស់លោកអនុសេនីយ៍ឯក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំនូវអំណោយមួយចំនួន សម្រាប់ផ្តល់ជូនដល់លោកអនុសេនីយ៍ឯក វណ្ណ ដាវី សម្រាប់សម្រួលដល់ជីវភាពគ្រួសារ ក៏ដូចជាការលើកទឹកចិត្តអោយមាការតស៊ូនឹងជីវិត ដើម្បីឆាប់បានជាសះស្បើយពីជំងឺដែលកំពុងយាយីដល់រាងកាយនាពេលនេះ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតែងតែនៅរួមសុខ រួមទុក្ខជាមួយប្រជាជន កងទ័ព និងមិនទុកអោយប្រជាជន មន្រ្តីរាជការ វរៈកងទ័ពណាម្នាក់រងទុក្ខលំបាកដោយមិនមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលនោះឡើយ។
សូមបញ្ជាក់ថា៖ អំណោយដែលលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកទៅឧបត្ថម្ភដល់លោកវរៈសេនីយ៍ឯក វណ្ណ ដាវី នាពេលនោះរួមមានដូចជា៖ អង្ករ ៥០Kg មី ២កេស ត្រីខ ២យួ ទឹកស៊ីអីវ ១កេស ទឹកដោះគោឆៅ ៣ឡូ ទឹកសុទ្ធ ៤កេស និងថវិកាចំនួន ២ ២០០ ០០០រៀល។ ដោយ៖ វួច ពឿន