រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេទិការសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ តំណាងឯកឧត្តម គឹម រ័ត្នពិសិដ្ឋ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សានៃវេទិការសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន នឹងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត តំណាងឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិន មន្ទីរសុខាភិបាលខេត្ត បានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ ១៩ នៅក្នុងអគាររដ្ឋបាលនិងបរិវេណសាលាខេត្ត និងផ្សារចំនួន២ក្នុងខេត្តប៉ៃលិន ដើម្បីប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ (រលកទី២)ដែលយើងបារម្ភថានឹងអាចកើតមានជាយថាហេតុ
ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការនៃវេទិការសម្ព័ន្ធសង្គមស៊ីវិលបានជម្រាបជូនថា ក្រុមយុទ្ធនាការដែលចុះមកបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ថ្ងៃនេះ មានគ្នាចំនួន១០នាក់ ក្នុងនោះខាងវេទិការសម្ព័ន្ធសង្គមស៊ីវិល០៦នាក់ និងក្រុមសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចអន្តរាគមន៍លេខ៧០ចំនួន០៤នាក់។ ឯកឧត្តមឲ្យដឹងថា បន្ទាប់ពីទទួលបានជំនួយជាសម្ភារៈផ្សេងៗពីមហាមិត្តចិន និងការបង្ហាត់បង្រៀនរបស់សមាគមប្រឹក្សាសុខភាពគ្រួសារ ដែលជាតំណាងអង្គការដៃគូររួចមក យើងបានបែងចែកជា០៣ក្រុមផ្សេងគ្នា ដោយចុះប្រតិបត្តិការទៅលើខេត្តចំនួន១៥។ ក្រុមទី១ទិសដៅ០៤ខេត្ត គឺខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង។ ក្រុមទី២ទិសដៅ០៥ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ក្រុមទី៣ទិសដៅ០៦ខេត្ត គឺខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ឯកឧត្តម ប៉ៃ សំបូរ មានប្រសាសន៍ថា ការដែលយើងចុះយុទ្ធនាការបាញ់ថ្នាំទប់ស្កាត់មេរោគកូវីដ ១៩នេះ អាស្រ័យដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋានតាមខេត្តនីមួយៗផងដែរ គឺតំណាងអភិបាលខេត្ត និងមន្ទីរសុខាភិបាលដែលមានជំនាញទៅលើ ការបង្ការទប់ស្កាត់ ដែលជាគណៈកម្មការចំណុះ ឲ្យក្រសួងសុខាភិបាល។ ជាមួយគ្នានេះឯកឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំមើលស្រាលជំងឺកូវីដ ១៩ឲ្យសោះ គឺត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះយើងអាចភ្លេចវា តែវាមិនអាចភ្លេចយើងទេ។ វានឹងអាចផ្ទុះឡើងវិញនូវរលកទី២តាមសហគមន៍ ដូច្នេះវេទិការសម្ព័ន្ធសង្គមស៊ីវិលគឺជា អង្គភាពមួយ ដែលជួយសម្របសម្រួលទៅលើរាជរដ្ឋាភិបាល ដោយបានគៀងគរប្រមែប្រមូលនូវ សម្ភារៈផ្សេងៗ ដូចជាម៉ាស៊ីនបំភាយឧស្ម័ន ថ្នាំសម្លាប់មេរោគ អាវពាក់ការពារ និងម៉ាសជាដើម ដើម្បីចែកជូនទៅក្រុមគោលដៅផងដែរ។ ដើម្បីចៀសផុតពីជម្ងឺឆ្លងនៃមេរោគកូវីដ ១៩ដ៍សាហាវនេះ យើងពឹងទៅលើតែរាជរដ្ឋាភិបាលមួយជ្រុងគឺមិនគ្រប់គ្រាន់ទេ លុះត្រាតែបងប្អូនប្រជាពលរដ្ឋគ្រប់ខេត្តក្រុង ចូលរួមបង្កាទប់ស្កាត់ទាំងអស់គ្នា ។
សូមបញ្ជាក់ថា ក្រុមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ ១៩ ចំនួន ០៣ ទីតាំង ទីតាំងទី០១ នៅក្នុងអគាររដ្ឋបាលនិងបរិវេណសាលាខេត្ត មានផ្ទៃដីចំនួន១០០០០ម៉ែត្រក្រឡា ទី០២ នៅផ្សារព្រំថ្មីមានផ្ទៃដីចំនួន២៨០០ម៉ែត្រក្រឡា ទី០៣ ផ្សារសាលាក្រៅ មានផ្ទៃដីចំនួន២៨០០ម៉ែត្តក្រឡា ដើម្បីប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ កូវីដ ១៩( រលកទី២) ។