រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអញ្ជើញចុះត្រួតពិនិត្យមើលការធ្វើឆៀករថយន្តចល័តរបស់មន្ទីរសាធារការនិងដឹកជញ្ជូនខេត្តប៉ៃលិន

  • 810
  • ដោយ poeuninfo

រសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និង លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការខេត្ត បានអញ្ជើញត្រួតពិនិត្យបច្ចេកទេសនិងការផ្តល់សេវារបស់មន្ទីរសាធារណៈការខេត្តលើការធ្វើឈៀកយានយន្តចល័តនៅខេត្តប៉ៃលិន។

        បើតាមលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានអោយដឹងថា៖ រថយន្ត ចល័តសម្រាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ក្រសួង បានចុះធ្វើឆៀកទូទាំងប្រទេស សម្រាប់ខេត្តណាដែលគ្មានទីតាំងរោងឆៀក ហើយការចុះតាមបណ្តាខេត្តផ្សេងៗមានរយៈពេលពី ០៣ថ្ងៃ ទៅ ០៥ថ្ងៃដូចគ្នា បើទោះបីជាមានរថយន្តមកធ្វើឆៀកច្រើនគ្រឿងយ៉ាងណាក៏ដោយ ហើយសម្រាប់ខេត្តប៉ៃលិនយើងចាប់ផ្តើមធ្វើការត្រួតពិនិត្យឆៀករថយន្តដោយគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ នៅបរិវេណជាប់របងសាលាខេត្តប៉ៃលិន ។ លោកបានបន្តថា៖ សម្រាប់លក្ខខណ្ឌដែលធ្វើឆៀក ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសំគាល់រថយន្ត បើរថយន្តគ្មានស្លាកលេខ ត្រូវមានក្រដាសពន្ធនិងឯកសារពាក់ព័ន្ធ។ ហើយចំពោះការធ្វើឆៀករថយន្តនេះ មិនមានផាកពិន័យអ្វីទាំងអស់ បើទោះបីរថយន្តនោះកន្លងមកមិនធ្លាប់ចូលឆៀកក៏ដោយ ពេលនេះត្រូវបង់តាមប្រភេទយានយន្តនិងតម្លៃក្នុងតារាងកំណត់របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។

        បងប្អូនពលរដ្ឋដែលចូលមកធ្វើឆៀករថយន្តបាននិយាយដូចៗគ្នាថា៖ ពួកគាត់បានសម្តែងនូវការរីករាយ សប្បាយចិត្តដែលគាត់មិនបាច់ត្រូវចំណាយពេលទៅឡើងទៅធ្វើឆៀករថយន្តនៅឯខេត្តបាត់ដំបង នាំឱ្យមានការលំបាកនិងចំណាយពេលវេលានិងសាហ៊ុយច្រើន។ ពួកគាត់បានសំណូមពរដល់ក្រសួងសាធារណការនិងដឹកជញ្ជូន សូមឱ្យនាំយករថយន្តចល័តត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះចុះមកខេត្តប៉ៃលិនឱ្យបានញឹកញាប់ហើយពួកគាត់ពេញចិត្តនឹងចូលរួមគោរពច្បាប់ចរាចរណ៍ថ្មីរបស់រាជរដ្ឋាភិបាលផងដែរ។

        ក្នុងឱកាសដែល ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនចុះត្រួតពិនិត្យមើលការធ្វើឈៀករថយន្តចល័តរបស់មន្ទីរសាធារការនិងដឹកជញ្ជូនខេត្តប៉ៃលិនបានមានប្រសាសសន៍ថា៖ ការធ្វើឆៀករថយន្តនេះពិតជាមានសារះសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីបញ្ហាបច្ចេកទេសយានយន្តរបស់ខ្លួន និង បានស្នើឱ្យប្រជាពលរដ្ឋប្រើប្រព័ន្ធអនឡាញដើម្បីស្នើសុំ ការចុះបញ្ជីយានយន្ត និងការស្នើសុំសេវាចាំបាច់ផ្សេងទៀត។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា៖ យើងដឹងហើយថាដើម្បីភាពងាយស្រួល ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុនឯកជននានាបង្កើតប្រព័ន្ធអនឡាញដើម្បីស្នើសុំសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការចុះបញ្ជីយានយន្ត ការចេញប័ណ្ណបើកបរ និងបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធអនឡាញដើម្បីកាត់បន្ថយចំណាយក្រៅផ្លូវការ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើឱ្យមន្ត្រីដែលផ្តល់សេវាទាំងអស់ត្រូវតាំងខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ធ្វើឱ្យមានតម្លាភាព ធ្វើឱ្យមានប្រសិទ្ធភាព និងចំណាយពេលវេលាកាន់តិច។

 ​       សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់មន្ទីរសាធារណការខេត្តប៉ៃលិនបានអោយដឹងថា៖ គិតត្រឹមថ្ងៃទីមួយនៃការធ្វើឈៀករថយន្តមានរថយន្តចំនួន ៤៤គ្រឿង ដែលបានយកមកត្រួតពិនិត្យ ក្នុងនោះមានរថយន្តទេសចរណ៍គ្រួសារចំនួន២៧គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូចចំនួន ០២គ្រឿង រថយន្តដឹកទំនិញធុនតូចចំនួន ១១គ្រឿង, រថយន្តដឹកទំនិញធុនធំចំនួន ៤គ្រឿង។

អត្ថបទទាក់ទង