បៃលិន៖ ដើម្បីបំភ្លឺផ្លួវ និងសោភ័ណភាព នាពេលពេលរាត្រី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ អញ្ជើញពិនិត្យមើលទីតាំង សម្រាប់ដាក់ភ្លើងបំភ្លឺផ្លូវ នៅតាមដងផ្លូវធ្វើថ្មី ដែលត្រៀមអ៊ុតកៅស៊ូបេទីមីន័រ នៅក្នុងតំបន់រដ្ឋបាលខេត្ត។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ដោយឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ទើបអាជ្ញាធរខេត្ត បានចាប់ផ្តើមដាក់បង្គោលភ្លើងបំភ្លឺផ្លូវ នៅតាមដងផ្លូវនៅក្នុងតំបន់រដ្ឋបាលខេត្ត ដើម្បីសោភ័ណភាពនាពេលរាត្រីផង និងបញ្ជាសបញ្ហាគ្រោះថ្នាក់ចរាចរណ៌ផង។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅក្បែរបង្គោលភ្លើង សូមជួយថែរក្សាទាំងអស់គ្នា ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូអង្វែង។
សូមបញ្ជាក់ថា៖ បង្គោលភ្លើងបំភ្លឺផ្លូវ ដែលដាក់នៅតាមដងផ្លូវ នៅក្នុងតំបន់រដ្ឋបាលខេត្តប៉ៃលិននាពេលនេះ គឺប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ហើយក្រុមហ៊ុន រាជសី ជាអ្នកអនុវត្តន៍គម្រោង។ ញ៉ឹប បូរី ប៉ៃលិន