មានប្រសាសន៍ក្នុងកិច្ចប្រជុំពង្រឹងបន្ថែមសន្តិសុខជាតិរបស់រដ្ឋបាលខេត្តប៉ៃលិនជាមួយមេបញ្ជាការកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ
និងការអនុវត្តន៍បទបញ្ចា ០២ ប.ប ចុះថ្ងៃទី០៩ មេសា ឆ្នាំ២០២០
របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ
និងទប់ស្កាត់ការរាតត្បាតជម្ងឺកូវីត១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងទៅនេះ
ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់
ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច
ត្រូវធ្វើការត្រួតពិនិត្យ និងបិទការធ្វើដំណើរចេញចូល ឬឆ្លងកាត់ នៅច្រកព្រំប្រទល់
រវាងខេត្តប៉ៃលិន ជាមួយខេត្តជាប់ព្រំប្រទល់ទាំងអស់ លើកលែងតែករណី
ដែលមានចែងក្នុងបទបញ្ជា០២ របស់រាជរដ្ឋាភិបាល រួមមាន៖ ទី១៖ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ
ទាំងតាមផ្លូវគោក ផ្លូវទឹកនិងផ្លូវដែក។ ទី២៖ រថយន្ត
និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់ យានយន្ត
ត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន។
ទី៣៖ រថយន្តនិងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។ ទី៤៖
រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋនិងឯកជន។ ទី៥៖ រថយន្តពន្លត់អគ្គីភ័យ។ ទី៦៖
រថយន្តបម្រើសេវាដឹកជញ្ជូនសំរាមនិងកាកសំណល់។
ទី៧៖ ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស
ដែលត្រូវមានបណ្ណអនុញ្ញាត ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ
មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទី៨៖ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ
ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់
ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤នាក់ សម្រាប់ករណីនីមួយៗ។ឯកឧត្តម បានបន្ថែមថា
រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង
សម្រាប់ទុកប្រជាពលរដ្ឋ ឱ្យនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ នៅទីតាំងចត្តាឡីសាក់ព្រំ
និងមណ្ឌលសុខភាពផ្សារព្រំ ក្នុងស្រុកសាលាក្រៅ និងមន្ទីរពេទ្យបង្អែកខេត្ត
ដែលមានក្រុមគ្រូពេទ្យនិងឡានពេទ្យត្រៀមប្រចាំការ ២៤ម៉ោង/២៤ម៉ោងផងដែរ។ ទន្ទឹមនឹងនោះរដ្ឋបាលខេត្តបានខិតខំគ្រប់បែបយ៉ាង
ដើម្បីគៀងគររកអំណោយសប្បុរសធម៌ មកផ្គត់ផ្គង់ជាស្បៀង សម្ភារៈប្រើប្រាស់
គ្រឿងបរិក្ខាពេទ្យ ដល់ទីតាំងកំណត់ចត្តាឡីស័ក ជាពិសេសពលរដ្ឋដែលខ្វះខាតជាក់ស្តែង
បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19) នេះ។ ឯកឧត្តមក៏បានសំណូមពរអោយសមត្ថកិច្ចដែលឈរជើងនៅគ្រប់គោលដៅត្រូវមានការទំនួលខុស
ត្រួតពិនិត្យតាមគោលដៅនីមួយៗអោយបានច្បាស់លាស់ លើការធ្វើដំណើរចេញចូលរបស់អ្នកដំណើរ
ជាពិសេសរថយន្តដឹកកម្មករបេះផ្លែឈើ កម្មករសៃឡូ និងម៉ូតូដែលអាចមានលក្ខណះបន្លំភ្នែកសមត្ថកិច្ច
ហើយត្រូវអនុវត្តន៍ច្បាប់អោយបានម៉ឺងម៉ាត់បំផុតនិងអោយមានប្រសិទ្ធភាព ព្រោះកាលះទេសះនេះយើងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ជម្ងឺកូវីដ១៩
ទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា៖ ដើម្បីអនុវត្តន៍នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពខេត្ត បានប្រើប្រាស់កម្លាំងចម្រុះ ចំនួន ៩០នាក់ ចែកចេញជា ៣វេន ដោយមានចំនួន ៤គោលដៅសំខាន់ៗ គឺ៖ ១-គោលដៅលើដងផ្លូវជាតិលេខ ៥៧ ចំនុចអូរសួស្តី (ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង)។ ២-គោលដៅលើដងផ្លូវជាតិលេខ ៥៩ ត្រង់ចំនុចផ្លូវបំបែកជា៣ ភូមិភ្នំកុយ (ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង)។ ៣-គោលដៅ ចំនុចស្ពានភ្នំដំបង (ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង)។ និង ៤.គោលដៅភូមិដីស (ព្រំប្រទល់ស្រុកបរវេល ខេត្តបាត់ដំបង)។