រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អាជ្ញាធរខេត្តប៉ៃលិន បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយណែនាំស្តីពីជម្ងឺ Covid-19 ជូនដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ

  • 443
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត និងលោកជំទាវ ជា លាភ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយណែនាំស្តីពីជម្ងឺ Covid-19 ដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ចំនួន ៦២គ្រួសារ ក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារមួយចំនួន ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់មួយរយៈពេល បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ (Covid-១៩)។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងទៅកាន់ប្រជាពលរដ្ឋថា៖ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះក៍ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសរាប់ពាន់នាក់ បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។ ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៍ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ពន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នា ចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួនត្រូវបានបិតទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនអត់ការងារធ្វើ ហើយពលរដ្ឋខ្លះ ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារ ហើយជាក់ស្តែងនៅថ្ងៃនេះ អាជ្ញាធរខេត្ត និងក្រុមការងារ បាននាំយកអំណោយស្បៀងមកឧបត្ថម្ភដល់បងប្អូននៅតាមខ្នងផ្ទះ ព្រោះមិនអាចធ្វើការប្រមូលផ្តុំមនុស្សច្រើនបាន។

ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីត ១៩។

សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានពលករទើបត្រលប់មកពីក្រៅប្រទេសចំនួន ៣៨៦នាក់ ១៩៩ស្រី ដោយក្នុងនោះ ក្រុងប៉ៃលិន ចំនួន ២០៥នាក់ ស្រី ១១៤នាក់ និងស្រុកសាលាក្រៅ ចំនួន ១៨១នាក់ ស្រី ៨៥នាក់ ហើយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទទួលអំណោយស្បៀងពីអាជ្ញាធរខេត្ត មានចំនួន ៦២គ្រួសារ នៅក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី ១យួរ។

អត្ថបទទាក់ទង