រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អាជ្ញាធរខេត្តប៉ៃលិន ឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19

  • 598
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរ​ដោយ​ឯកឧត្តម ជា ចាន់ឌិន សមាជិកក្រុមប្រឹក្សាខេត្ត, លោកជំទាវ ជា លាភ អភិបាលរងខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ព្រមទាំងក្រុម​ការ​ងារ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ​ដែល​មានជីវភាពខ្វះខាត តាមខ្នងផ្ទះតែម្តង នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងបានឧបត្ថម្ភស្បៀង​អាហារមួយ​ចំនួន ដើម្បីជួយ​ដោះ​​ស្រាយជីវភាពរបស់ពួកគាត់​មួយ​រយៈពេល បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការ​ផ្ទុះ​ឡើង​នៃជម្ងឺ Covid-19។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា÷ ដោយសារការព្រួយ​បារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួនត្រូវបានបិតទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនអត់ការងារធ្វើ ហើយពលរដ្ឋខ្លះ ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំ​ចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារ ។

ឯកត្តមអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​​តេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និង បានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ​ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលា​រៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ជាពិសេសបានខិតខំប្រឹងប្រែងដោះស្រាយ​នូវរាល់ការ​លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណា​ម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបាន​បំពេញតាម​តំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផល​ដាំ​ដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មាន​អនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួម​បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីត ១៩។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទទួលអំណោយស្បៀងពីអាជ្ញាធរខេត្ត មានចំនួន ៣១គ្រួសារ នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី ១យួរ។

អត្ថបទទាក់ទង