នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជំនះ ៧មករា (៧មករា១៩៧៩- ៧ មករា ២០២០)ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម អ៊ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ចុះជួយមូលដ្ឋានខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត សមាជិកសភា ក្រុមប្រឹក្សាខេត្ត, អភិបាល អភិបាលរងក្រុងស្រុក ប្រធានអនុប្រធានស្ថាប័ន មន្ទីរ អង្គភាព, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ និងបងប្អូនខែ្មរឥស្លាម បានចូលរួមផងដែរ ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានអាននូវសុន្ទរកថារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីមីទ្ទីងខួបលើកទី ៤១ នៃទិវាជ័យជំនះ ៧មករា ដោយបានលើកឡើងថា៖ ប្រជាជនកម្ពុជាយើងនៅគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស កំពុងអបអរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍នៃទិវាជ័យជំនះប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការះឧត្តុងឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធធ្វើពលីកម្មអង់អាចក្លាហាន ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងការការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាយើងទាំងមូល។ ឯកឧត្តម បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា និងកំពុងជម្រុញអនុវត្តន៍គោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ តាមរយះ នេះរាជរដ្ឋាភិបាលបានផ្តល់នូវប្រព័្ធគាំពារ ២សំខាន់ៗរួមមាន៖ ប្រព័ន្ធជំនួយសង្គមគាំពារដល់ប្រជាជនដែលរស់នៅក្រោម និងក្បែរបន្ទាត់ក្រីក្រ ដោយផ្តោតលើកុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម ផ្តល់គាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និងពិការភាពដល់ក្រុមប្រជាជនវិស័យសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រព័ន្ធ ស្របតាមនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំនាំកនូវសន្តិភាពនិងអរគុណសន្តិភាពផងដែរ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ស្មារតី៧មករា បានផ្តល់នូវមេរៀន និងបទពិសោធន៏ ដ៏មានតម្លៃបំផុតសម្រាប់យើងទាំងអស់គ្នា ដើម្បីកសាង និងការពារមាតុភូមិតទៅមុខទៀត។ ស្មារតី៧មករា មានសត្រូវតែមួយប៉ុណ្ណោះ គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត បានក្លាយជាបញ្ហាក្នុងប្រវត្តិសាស្រ្តទៅហើយ ដូច្នេះអ្នកដែលប្រឆាំង និងស្មារតី៧មករា គឺជាអ្នកស្រលាញ់ របបប្រល័យពូជសាសន៍ ជាអ្នកប្រឈមនឹងដំណើរការលូតលាស់របស់ប្រទេសជាតិ។ ឯកឧត្តម អ៊ី ឈាន បានថ្លែងទៀតថា ស្មារតី៧មករា នៅស្ថិតស្ថិរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចអនាគតយូរអង្វែង ប្រៀបដូចជាប្រទីបបំភ្លឺផ្លូវដែលនាំពីជ័យជម្នះមួយ ទៅជ័យជម្នះមួយទៀតឥតឈប់ឈរ។ ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរថា៖ បើគ្មានថ្ងៃ៧មករាទេនោះ ក៏យើងគ្មានថ្ងៃនេះដែរ។ ស្មារតីសាមគ្គីសង្រ្គោះជាតិ របស់គណបក្សប្រជាជនកម្ពុជា បានតស៊ូរំដោះជាតិ រំដោះប្រជាជនខ្មែរទាំងអស់ ឲ្យរួចផុតពីរណ្ដៅនរកនៃរបបអាវខ្មៅ ប៉ុល ពត ដ៏សាហាវយង់ឃ្នង កាប់សម្លាប់ប្រជាជនស្លូតត្រង់ សម្លាប់អ្នកចេះដឹងខ្មែរចោលស្ទើរទាំងអស់ ដែលជាសោកនាដកម្មដ៏សែនខ្លោចផ្សារ។ បើគង់តែបានការតស៊ូរំដោះ របស់គណបក្សប្រជាជនទេនោះ ម្លោះប្រជាជាតិ ប្រជាជានជនច្បាស់ជាវីវរ មានទុក្ខធ្ងន់កាន់តែខ្លាំងឡើងមិនខាន។