រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣

  • 1.0ពាន់
  • ដោយ poeuninfo

នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិនព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ មានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និង  ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីអស់លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័ន ក្រុង-ស្រុក ឃុំ សង្កាត់ជាច្រើននាក់ផងដែរ ។

        ក្នុងកិច្ចប្រជុំបានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនដើម្បីដោះស្រាយជូនពល​រដ្ឋដូចជា៖ ១-បញ្ហាក្រុមហ៊ុនទឹកស្អាត ថូ ម៉ាស តែងតែឧហ្សាហ៏ដាច់ទឹកប្រើប្រាស់ធ្វើអោយប្រ​ជា​​​​ពលរដ្ឋគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់, ២-បញ្ហាមណ្ឌលសុខភាពផ្សារព្រំខ្វះឆ្មប, ៣-បញ្ហាសៃឡូធំៗពីរកន្លែងនៅភូមិថ្នល់កែង ស្រុកសាលាក្រៅ បង្កបញ្ហាការហុយដាក់ផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនិងបះពាល់ដល់បរិស្ថាន ០៤-បញ្ហាឡានធំៗបើកបរល្បឿនលឿនពេលយប់នៅផ្លូវក្រវ៉ាត់ក្រុង និងផ្លូវទៅព្រំ,​ ០៥-បញ្ហាឡានដឹកស្វាយនិងទំនិញផ្សេងៗតាមផ្លូវជាតិ និងចេញពីច្រក​ព្រំបង្កជ្រុះសម្រាមរាយប៉ាយតាមផ្លូវធ្វើអោយខូចសោភ័ណភាព, ០៦-បញ្ហាអសន្តិសុខនិងគ្រឿងញៀននៅផ្សារព្រំ, ០៧-បញ្ហាប្រជាពលរដ្ឋសង់តូបខ្យុះលក់ដូរអនាធិបតេយ្យនៅកៀកក្បែរ​ដងស្ទឹងតារាបខុសពីច្បាប់រដ្ឋបាលខេត្តដែលបានកំណត់សង់ចម្ងាយ​ចាប់ពីចម្ងាយ៥០ម៉ែត្រ ០៨-បញ្ហាមន្ត្រីជំនាញមន្ទីរសុរិយាដីខេត្តប៉ៃលិនមានការរិះគន់ច្រើនពីបងប្អូនប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាកាត់ប្លង់និងរត់ការផ្សេងៗយតយ៉ាវ ។

        ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កន្លងមកនេះការអនុវត្តការងាររបស់រដ្ឋបាលខេត្តប៉ៃលិន បានសម្រេចលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមបន្តថាៈប៉ុន្មានឆ្នាំកន្លងមកនេះរដ្ឋបាលខេត្តប៉ៃលិនបានខិតខំប្រឹងប្រែងអនុវត្តសេចក្តីសម្រេច របស់ក្រុមប្រឹក្សាខេត្តបានយ៉ាងមានប្រសិទ្ធភាពនិងពិតជាបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច បង្កបង្កើតការងារ បែងចែកផលនៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងធានាប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងគ្រប់គ្រងធនធានគ្រប់ប្រភេទបានយ៉ាងល្អប្រសើរ និងបានជួយលើកកម្ពស់អភិបាលកិច្ចល្អ ដែលធានារាល់ប្រតិបត្តិការ និងកិច្ចដំណើរការរបស់ស្ថាប័នរដ្ឋនៅថ្នាក់ក្រោមជាតិ ប្រព្រឹត្តិទៅប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ ម្យ៉ាងវិញទៀតប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការមកទទួលសេវាសាធារណៈ អង្គភាពច្រកចេញចូលតែមួយរបស់ខេត្តដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលជាងមុនទៀតផង។ ចំពោះបញ្ហាប្រឈមនានាដែលសមាជិកក្រុមក្រុមប្រឹក្សាលើកឡើងនៅពេលនេះ រដ្ឋបាលខេត្តនឹងខិតខំយកចិត្តទុកដាក់ជំរុញដល់អង្គភាពស្ថាប័នដែលជាប់ពាក់ព័ន្ធធ្វើការដោះស្រាយជាបន្តបន្ទាប់ ទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួន សំដៅកែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាពខ្ពស់ ។ជាមួយគ្នានេះដែរឯកឧត្តមក៏បានសំណូមពរដល់អង្គភាពមន្ទីរស្ថាប័នទាំងអស់ត្រូវខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនអោយទទួលខុសត្រូវខ្ពស់ ហើយត្រូវរៀនសូត្រពង្រឹងសមត្ថភាពអោយទាន់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន ព្រមទាំងសិក្សាស្វែងយល់ពីនិតិវិធីយុទ្ធសាស្រ្តបន្ថែមទៀតក្នុងន័យអនុវត្តការងារជាក់ស្តែងទទួលបានជោគជ័យនៅក្នុងឆ្នាំ២០២០ ជាបន្តទៀត។

      ឯកឧត្តមសៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហានានា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងអភិវឌ្ឍន៍ខេត្តប៉ៃលិនរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមក៏បានសំនូមពរដល់គណៈអភិបាលខេត្ត ត្រូវពង្រឹងការ គ្រប់គ្រងរដ្ឋបាលអោយបានរឹងមាំ ជំរុញការអនុវត្តការងារដល់មន្ទីរអង្គភាពនានា ដើម្បីឆ្លើយតបបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស ការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវគោលនយោបាយភូមិឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធិភាព។ ទន្ទឹមនឹងនេះ​ត្រូវខិតខំ​សាមគ្គីផ្ទៃក្នុងអោយបានល្អ រវាងថ្នាក់ដឹកនាំ និងមន្រ្តីក្រោម​ឱវាទដើម្បីចូលរួម​កសាងអភិវឌ្ឍន៍ខេត្ត និងរក្សាសន្តិភាព ជាមួយរាជរដ្ឋាភិបាល​អោយបានគង់វង្សជានិរន្ត៕

អត្ថបទទាក់ទង