រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន៖ គុណភាពអប់រំ ត្រូវបានពង្រឹងគុណភាព ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនាពេលអនាគតរបស់កម្ពុជា

  • 976
  • ដោយ poeuninfo

ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល បានពិតប្រកេន និងផ្តាំផ្ញើដល់គណៈកម្មការ​ប្រឡង​​បេក្ខសមណសិស្ស បេក្ខជន-បេក្ខនារី ទាំងអស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងនៃការប្រឡងអោយបានល្អ និងខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំនេះដឹងដែលមានដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឲ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជាកត្តាសំខាន់មួយសំរាប់អ្នកបួសបានវាស់ស្ទង់ចំនេះដឹងខាងផ្នែកព្រះពុទ្ធសាសនាក៍ដូចជាចំនេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបុព្វជិត ស្របទៅនឹងគោល​នយោ​បាយកំណែរទម្រងស៊ី​ជម្រៅរបស់​រាជរដ្ឋាភិបាល។

អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញ​ជា​អធិបតី​បើកវិញ្ញាសារប្រឡងវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រី ទោ ឯក ​ឆ្នាំ២០១៩-២០២០ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ជា លាភ អភិបាលរងខេត្ត លោកសំ សាវឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត  លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត ព្រះមេគណខេត្តទាំង២គណៈ មន្ត្រីសង្ឃ ព្រះសង្ឃ មកពី គ្រប់វត្ត ដែលមណ្ឌលប្រឡងនៅសាលាបឋមសិក្សប៉ាហ៊ី  ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យសាសនាជាវិស័យដ៏អាទិភាពមួយ ដែលចូលរួមអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសបានកសាងសមិទ្ធផលសាសនាជាច្រើន ចាប់ពីទីប្រជុំជនរហូតដល់ជនបទ ដើម្បីរួមចំណែកអប់រំ ផ្លូវចិត្ត និងសំរាប់បណ្តុះបណ្តាលចំនេះដឹង ធនធានមនុស្ស ប្រកបដោយគុណភាព ទេព កោសល្យ ផលិតភាព សក្តានុពល មានសីលធម៌ និងមានសមត្ថភាពគ្រប់គ្រាន់ សំរាប់ចូលរួមបន្តវេនក្នុងការកសាងអភិវឌ្ឍន៍ប្រទេស ឱ្យបានរីកចំរើន។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ពិតប្រកេនស្នើដល់ព្រះមេគណខេត្តទាំង២គណៈ មន្ត្រីសង្ឃ ព្រះសង្ឃ ត្រូវពង្រឹងនូវធម៌វិន័យ រក្សាសេចក្តីថ្លៃថ្លូក្នុងវិស័យសាសនា បំបាត់ឱ្យអស់នូវអធិករផ្សេង ជាពិសេសពង្រឹងគុណភាព ក្នុងការបង្ហាត់បង្រៀន អប់រំផ្លូវចិត្ត បណ្តុះបណ្តាល ចំនេះជំនាញ អោយទៀងទាត់ ជូនដល់ សមណ​សិស្ស ​សីល​វ័ន ​សីល​វតី និងពុទ្ធបរិស័ទ ដើម្បីឆ្លើយតបទៅនឹងគោល​នយោបាយ​របស់រាជរដ្ឋាភិបាល។ 

លោក សំ សាវឿន ប្រធានមន្ទីរធម្មការសាសនាខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ការប្រឡងវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រី ទោ ឯក​ នេះ គឺធ្វើជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងការសិក្សានិងស្វែងរកមន្រ្តីសង្ឃមានសមត្ថភាព សំរាប់កសាងអភិវឌ្ឍន៍និងអប់រំ ខាងផ្នែកវិស័យសាសនាអោយមានការរីកចំរើន ជាបន្តបន្ទាប់នាពេលថ្ងៃអនាគត់ ជាពិសេសពង្រឹងគុណភាពអប់រំវិស័យពុទ្ធិកសិក្សា ក្នុងការលើកទឹកចិត្តឲ្យយល់ពីតម្លៃការសិក្សា ពង្រឹងការបដិបត្តិធម៌វិន័យ ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត សំរាប់អោយប្រជាពលរដ្ឋគោរពស្រលាញ់ ជារៀងរហូត។

បើតាមការបញ្ជាក់ពីព្រះគ្រូរតនៈមុនី អ៊ា សុផន ព្រះមេគណគណៈមហានិកាយខេត្តប៉ៃលិន បានមានសង្ឃដីការលើកឡើងថា៖ សម័យប្រឡងយកវិញ្ញា​បន​បត្រ ធម្មវិន័យថ្នាក់ត្រីទោឯក​ឆ្នាំ២០១៩-២០២០ សំរាប់ខេត្តប៉ៃលិន មានបេក្ខសមណ​សិស្ស​សរុប ១៣៦អង្គ ​ មាន​ ០៦​បន្ទប់ មានចំនួន ៤​វិញ្ញាសារ រួមមាន៖ វិញ្ញាសារប្រជុំកងធម៌  វិញ្ញាសារពុទ្ធប្បវត្ថិ  វិញ្ញាសារព្រះវិន័យ  វិញ្ញាសារសាសនសុភាសិត។ អត្ថបទដោយ៖ ញ៉ឹប បូរី ប៉ៃលិន

អត្ថបទទាក់ទង