រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រុមការងារថ្នាក់ខេត្តដើម្បី គាំទ្រ និងសម្របសម្រួលដំណើការសមាហរណកម្មបុគ្គលិក នៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក បើកកិច្ចប្រជុំពិភាក្សាស្តីពីការតែងតាំងប្រធាន និងអនុប្រធានការិយាល័យជំនាញនីមួយៗ

  • 654
  • ដោយ poeuninfo

រសៀលថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ខេត្តដើម្បីគាំទ្រ និងសម្របសម្រួលដល់ដំណើរ​ការសមា​ហរណកម្ម​បុគ្គលិក​នៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តប៉ៃលិន បានបើកកិច្ច​ប្រជុំ​ពិភាក្សា​ស្តីពីការតែងតាំងប្រធាន និងអនុប្រធានការិយាល័យជំនាញនីមួយៗ​ក្នុងរចនា​សម្ព័ន្ធថ្មី​នៃរដ្ឋបាលក្រុង/ស្រុក ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមការងារ និងដោយ​មាន​ការ​អញ្ជើញចូលរួមពីឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ លោក​អភិបាលក្រុង/ស្រុក ព្រមទាំងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញ​ខេត្តដែលជាសមាជិក សមាជិកការនៃក្រុមការងារផងដែរ។

កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេលពេញមួយរសៀល ដោយសមាជិក សមាជិការនៃអង្គ​ប្រជុំបានធ្វើការពិភាក្សា​ពីលក្ខណៈសម្បត្តិរបស់មន្រ្តីសម្រាប់ការ​តែងតាំងនៅក្នុងមុខ​តំណែង​នីមួយៗទៅតាមអតីតភាពការងារ ក្រមខ័ណ្ឌរបស់មន្រ្តី និងស្មារតីបំពេញការងារ​របស់មន្រ្តី​រាជការនីមួយៗ។

ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារដើម្បីគាំទ្រ និងសម្រប​សម្រួល​ដល់ដំណើរ​ការសមា​ហរណកម្ម​បុគ្គលិក​នៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ក្រោយ​កិច្ចប្រជុំនេះរួច រដ្ឋបាលក្រុង ស្រុកត្រូវ​កសាង​តារាង”ខ” ដោយមានការបញ្ចូល​ឈ្មោះបុគ្គលិក​ក្នុងនោះ និងកំណត់ហេតុ​នៃកិច្ចប្រជុំ​គណអភិបាលសាជាថ្មី។ រដ្ឋបាលក្រុង /ស្រុក ក៏ត្រូវរៀប​ចំ​ផ្លា​ក​សញ្ញាការិយាល័យ​ទាំង១៣​នៃរចនាសម្ព័ន្ធ​ថ្មីរបស់រដ្ឋបាលក្រុង/ស្រុក ហើយគូសវាសទីតាំងការងារសម្រាប់ការរិយាល័យទាំង១៣ រួចក្រុមការងារ​ថ្នាក់ខេត្តនឹង​ចុះទៅជួយពិនិត្យទីតាំងការងារ និងការផ្ទេរ ប្រគល់នៃ​ឯកសារ​ការងារ អោយស្រប​ទៅនឹងខ្លឹម​សារនៃអនុក្រឹត១៨៤ និងត្រូវធ្វើយ៉ាងណាអោយ​រួចរាល់​នៅរវាងថ្ងៃទី២ ឬថ្ងៃទី៣ ខែមករាយ៉ាងយូ ដើម្បីវិចខ្ចប់បញ្ជូនទៅ គ.ជ.អ.ប។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុម​ការងារដើម្បីគាំទ្រ និងសម្របសម្រួលដល់ដំណើរ​ការសមា​ហរណកម្មបុគ្គលិក​នៅក្នុង​រចនា​សម្ព័ន្ធ​ថ្មីនៃរដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ កិច្ចប្រជុំនាពេលនេះ គឺបង្ហាញភាពច្បាស់លាស់ និងតម្លាភាពសម្រាប់សមារហណកម្មបុគ្គលិក​នៅក្នុងរចនាសម្ព័ន្ធ​ថ្មីនៃរដ្ឋបាលក្រុង/ស្រុក។ ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ សម្តេចអគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ក៏បានមានប្រសាសន៍ណែនាំ​ស្តីពីការធ្វើសមា​ហរណកម្ម​បុគ្គលិក​នៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុកនេះ គឺមិន​អោយ​​បាត់បង់ផលប្រយោជន៍អ្នកចាស់ រីឯអ្នកថ្មីដែលមានសមត្ថភាពក៏ត្រូវរុញឡើងដែរ តែកុំអោយដល់ចំណុចខ្ពស់ពេក៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង