ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ធូ ភា និងលោកជំទាវ ជា លាភ អភិបាលរងខេត្ត ឯកឧត្តម ជា ចាន់ឌិន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការមួយចំនួនទៀត បានអញ្ជើញមកទទួលអំណោយជាស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ពីព្រះមេគណខេត្ត ទាំង ២គណៈ ដើម្បីយកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តប៉ៃលិន។ ពិធីប្រគល់-ទទួលព្រះអំណោយនេះបានធ្វើឡើងនៅវត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រវាងឯកឧត្តម ឯកឧត្តម ផាន់ ចាន់ធុល និងព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្ត គណៈមហាកិកាយខេត្តប៉ៃលិន និងព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណខេត្ត គណៈធម្មយុត្តិកៈនិកាយខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនមានប្រសាសន៍សំដែងការអរគុណចំពោះព្រះមេគណខេត្តទាំងពីគណៈ ដែលបានជួយឧបត្ថម្ភជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគដល់រដ្ឋបាលខេត្ត ដើម្បីយកទៅចែកជូនបន្ត ដល់ប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋដែលជួបនូវគ្រោះធម្មជាតិនានានៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ការជួយឧបត្ថម្ភនេះ គឺជាទឹកប្រទ័យដ៏ថ្ងៃថ្លារបស់របស់ព្រះមេគណទាំងពីរគណៈ ដើម្បីជួយសង្រ្គោះដល់ប្រជាពុទ្ធបរិស័ទក្នុងខេត្តប៉ៃលិន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ព្រះសង្ឃបានធ្វើកិច្ចការល្អៗជាច្រើនរាប់មិនអស់សម្រាប់សង្គម ដូចជា ការដឹកនាំប្រជាពុទ្ធបរិស័ទអោយចេះមានសទ្ធា ធ្វើបុណ្យ ធ្វើទាន សន្សំនូវសេចក្តីល្អ ដែលនាំមកនូវក្តីសុខ សន្តិភាពដល់សង្គម, ការអភិរក្ស ថែរក្សានូវវប្បធម៌ ប្រពៃណីជាតិ, ការជួយកសាងសមិទ្ធិផលនានាក្នុងវិស័យព្រះពុទ្ធសាសនាអោយមានការរីកចំរើន ក៏ដូចជាកាជួយឧបត្ថម្ភជាសម្ភារៈ ស្បៀងអាហារដើម្បីចែកជូនដល់ប្រជាពលរដ្ឋយើងដែលខ្វះខាតផងដែរ។ ឯកឧត្តមក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់អង្គ បន្តការអប់រំផ្សព្វផ្សាយអោយបានខ្លាំងក្លាបន្ថែមទៀតពីផលប៉ះពាល់នៃគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើមដល់ស្រទាប់យុវវ័យរបស់យើង។
សូមបញ្ជាក់ថា៖ អំណោយដែលព្រះសង្ឃទាំងពីរគណៈបានជួយឧបត្ថមនាពេលនោះ រួមមាន៖ អង្ករ ២តោន ស្ករស ១៩០គីឡូ មី ៣៩កេស ទឹកត្រី ៨យួរ និងទឹកស៊ីអ៊ីវ ៦យួរ៕ ដោយ៖ វួច ពឿន