រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ទំពាំងបារាំងគឺជាដំណាំបន្លែមួយប្រភេទ ដែលមានរស់ជាតិឆ្ងាញ់ និងរកប្រាក់ចំណូលគួសម សំរាប់កសិករ

  • 1.2ពាន់
  • ដោយ Admin

បងស្រី លឹម សុភាព អាយុ ៤៩ ឆ្នាំ គឺជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិក្រចាប់ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រៅពីប្រកបរបរដាំពោត, ដាំដំឡូង ប្រចាំរដូវ, គាត់ទុកដីចំនួន ៣រ៉ៃ ក្នុងចំណោមដីទាំងអស់ចំនួន ៥ហិចតា របស់គាត់ សំរាប់ដាំដំណាំទំពាំងបារាំង។ គាត់ចាប់ផ្តើមដាំដំណាំទាំពាំងបារាំងនេះ តាំងពីខែមេសា ឆ្នាំ២០១៦ ហើយ មកដល់ពេលនេះ គាត់បានដាំនៅលើផ្ទៃដីចំនួន២រ៉ៃ កន្លះ តែទំពាំងបារាំងដែលកំពុងតែប្រមូលផលរាល់ថ្ងៃគឺមានទំហំ១រ៉ៃកន្លះ។ បងស្រី លឹម សុភាព បានបញ្ជាក់ថា៖ ក្នុងចំនួនដី១រ៉ៃកន្លះនេះ គាត់ប្រមូលផលទំពាំងបារាំងបានចន្លោះពី ៧ ទៅ១០ គីឡូក្រាមក្នុងមួយថ្ងៃ ដោយសារតែឆ្នាំនេះអាកាសធាតុរាំងស្ងួតពេក។ ប៉ុន្តែបើរដូវភ្លៀង មានទឹកគ្រប់គ្រាន់ គឺបងស្រីអាចប្រមូលផលបានពី២០ ទៅ២៨ គីឡូក្រាម ក្នុងមួយថ្ងៃ។ បងស្រីបានបញ្ជាក់ទៀតថា៖ ចំពោះទីផ្សារលក់បន្លែទំពាំងបារាំងនេះវិញ មានភាពងាយស្រួលច្រើន ហើយបងស្រីអាចលក់បានរហូតដល់១២០០០រៀលក្នុងមួយគីឡូក្រាម ដោយបងស្រីត្រូវវិចខ្ចប់អោយបានត្រឹមត្រូវរួចបញ្ជូនទៅអោយម៉ូយនៅភ្នំពេញ។

នៅថ្ងៃនេះដែរ លោក ម៉ម សុផានី ប្រធានស្តីទីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តប៉ៃលិន ក៏បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសិក្សា និងជំរុញលើកទឹកចិត្តដល់បងស្រី លឹម សុភាព ក៏ដូចជាប្រជាកសិករដទៃទៀត អោយបន្តខិតខំដាំដំណាំទំពាំងបារាំងនេះ ដែលជាមុខរបរមួយបន្ថែមទៀត ជួយលើកស្ទួយដល់ជីវភាពគ្រួសារប្រជាកសិករយើងអោយរីកចំរើន។

សូមបញ្ជាក់ថា៖ មកដល់ពេលនេះ នៅក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានប្រជាពលរដ្ឋចំនួន ១០គ្រួសារ កំពុងដាំដំណាំទំពាំងបារាំងនេះ ដោយក្នុងនោះមានផ្ទៃដីសរុបប្រមាណជាង ២ហិចតា៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង