ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាស្រុកសាលាក្រៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី០២ អាណត្តិទី៣របស់ខ្លួន ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ និងលោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ព្រមទាំងមន្រ្តីការិយាល័យជំនាញស្រុក អង្គភាពចំណុះរដ្ឋបាលស្រុក កងកំលាំងប្រដាប់អាវុធ ប៉ុសិ៍រដ្ឋបាល មេឃុំមេភូមិផងដែរ។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ទី១/ ពិនិត្យនិងអនុម័តរបៀបវារៈប្រជុំសាមញ្ញលើកទី២អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅ ទី/២ ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅ ទី/៣ ពិនិត្យនិងអនុម័តរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែកក្កដា ឆ្នាំ២០១៩ ទី៤/ ពិនិត្យនិងអនុម័តការរៀបចំសេចក្តីព្រាងគម្រោងថវិការសម្រាប់ឆ្នាំ២០២០ ទី៥/ ពិនិត្យនិងអនុម័តការកែសម្រួលគណៈកម្មាធិការលទ្ធកម្ម ទី៦/ ពិនិត្យនិងអនុម័តការកែសម្រួលគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារ ទី/៧ពិនិត្យនិងអនុម័តលើពង្រាងដីការស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ស្រុកសាលាក្រៅ ទី/៨ ពិនិត្យនិងអនុម័តការរៀបចំសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកសាលាក្រៅអាណត្តិទី៣សម្រាប់រយៈពេលដប់ពីរខែ(១២ខែ) ទី/៩ ពិនិត្យនិងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំរបស់ក្រុមប្រឹក្សាស្រុកអាណត្តិទី២ ឆ្នាំ២០១៤-២០១៩ ទី១០/ ពិនិត្យនិងអនុម័តតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីប្រចាំខែកក្កដា និងរបៀបវារៈទី១១/ បញ្ហាផ្សេងៗ ។
កិច្ចប្រជុំក៏បានលើកឡើងអំពីបញ្ហាប្រឈមដូចជា៖ បញ្ហាមេឃុំមួយចំនួនពេលប្រជុំក្រុមប្រឹក្សាមិនដែលមកប្រជុំ បញ្ហាសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណៈ បញ្ហាបរិស្ថាន បញ្ហាចតរថយន្តអាណាធិបតេយ្យនៅព្រំដោយមិនចតក្នុងបេនចំណតរថយន្ត បញ្ហាប្រព័ន្ធទឹកត្រូវបង្កើតគណៈកម្មាធិការគ្រប់គ្រង ។
លោក សំ សារ៉េត អភិបាលស្រុកលើកឡើងថា៖ចំពោះបញ្ហាប្រឈមដែលក្រុមប្រឹក្សាបានលើកឡើងនេះរដ្ឋបាលស្រុកនឹងទទួលយកទៅដោះស្រាយជាបណ្តើរៗ និងទាន់ពេលវេលា។ ចំពោះបញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈដែលបងប្អូនអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ រដ្ឋបាលស្រុកបានចាត់អោយមន្ត្រីមានសមត្ថកិច្ចចុះទៅរៀបចំនិង ធ្វើការពន្យល់ណែនាំដល់បងប្អូនអោយយល់ដឹងពីផលវិបាកនិងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ។ លោកអភិបាលស្រុកបន្តថា៖ បញ្ហាប្រព័ន្ធធារាសាស្រ្តរដ្ឋបាលស្រុកនិងស្នើរទៅមន្ទីរធនធានទឹកនិងឧតុនិយមត្រូវបង្កើតគណៈកម្មាធិការគ្រប់គ្រងដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹក។ លោកក៏បានសំណូមពររដ្ឋបាលស្រុកនិងមន្រ្តីការិយាល័យជំនាញស្រុក អង្គភាពចំណុះរដ្ឋបាលស្រុកត្រូវខិតខំបំរើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋអោយមានប្រសិទិ្ធភាពពិសេសប៉ុសិ៍របាលនៅតាមភូមិឃុំ ស្រុកទាំងអស់ត្រូវបន្តអនុវត្តភូមិឃុំមានសុវត្ថិភាពអោយមានប្រសិទិ្ធភាពដើម្បីធានាអោយបានសុវត្ថិភាពក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅបានកោតសសើរដល់រដ្ឋបាលស្រុក ព្រមទាំងមន្រ្តីការិយាល័យជំនាញស្រុក អង្គភាពចំណុះរដ្ឋបាលស្រុក កងកំលាំងប្រដាប់អាវុធ ប៉ុសិ៍រដ្ឋបាល មេឃុំ មេភូមិ ដែលបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនិងទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោកប្រធានក្រុមប្រឹក្សាបានបន្តថា៖ ថា្នក់ដឹកនាំ សមត្ថកិច្ចទាំងអស់ត្រូវដឹងតួនាទីរបស់ខ្លួននិងសហការគ្នាដើម្បីបំរើបងប្អូនប្រជាពលរដ្ឋ ហើយ ត្រូវចេះសាមគ្គីគ្នាអោយបានល្អនិងចេះយោគយល់អព្យាស្រ័យគ្នាដើម្បីអោយអង្គភាពរីកចំរើន។ លោកក៍បានផ្តាំផ្ញើរដល់រដ្ឋបាលស្រុក មេឃុំមេភូមិ ប៉ុសិ៍រដ្ឋបាល ធ្វើយ៉ាងណាត្រូវតែបំរើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា មានប្រសិទ្ធិភាពនិងតម្លាភាព៕ វួច ពឿន