រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ចាស់ជរាគ្មានទីពឹងចំនួន៩១នាក់ ទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ

  • 487
  • ដោយ Admin

ថ្ងៃច័ន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​០៥ ខែ​ សីហា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន​ខេត្ត​ប៉ៃលិន  បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិលោកជំទាវ បាន ស្រីមុំ ទៅ​ចែកជូនដល់​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ចំនួន​៩១​នាក់ ទូទាំង​ខេត្ត​ប៉ៃលិន។​

ការបើកប្រាក់ឧបត្ថម្ភ​ដល់ចាស់ជរា ដែលជាមូលនិធិរបស់លោកជំទាវ បាន ស្រីមុំនេះ បានធ្វើឡើងនៅ​៣​ទីតាំងផ្សេងគ្នា​ គឺ ទី១/​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន។ ទី​២/ ​នៅ​សាលាឃុំ​អូរអណ្ដូង ក្នុងស្រុកសាលាក្រៅ និងទី​៣/នៅ​សាលាឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​ផងដែរ​។​

​        ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថា ដោយមានការគិតគូយកចិត្តទុកដាក់ខ្ពស់ចំពោះលោកយាយ លោកតាចាស់ជរាក្រីក្រនៅក្នុងខេត្តប៉ៃលិន ពីសំណាក់លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ក៏ដូចជាឯកឧត្តមផ្ទាល់ ក៏បានមូលមតិគ្នាបង្កើតមូលនិធិចាស់ជរានេះឡើងវិញបន្ទាប់ពីបានផ្អាកអស់រយៈពេលខ្លី ​គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក និង​លើកកម្ពស់​សុខុមាលភាព​លោកយាយ លោកតា​ ចាស់ជរា​ គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ក្នុង​ខេត្ត​ប៉ៃលិន ក៏ដូចជាការថ្លែងអំណរគុណដល់លោកយាយ លោកតា ដែលបានគាំទ្រដល់លោកជំទាវ បាន ស្រីមុំ និងឯកឧត្តមផ្ទាល់នាពេលកន្លងមក។ ឯកឧត្តមបានបន្តថា ​មូលនិធិ​នេះ​គឺជា​សកម្មភាព​មនុស្សធម៌​សុទ្ធសាធ មិន​ប្រកាន់​ ពូជសាសន៍ ពណ៌​សម្បុរ​ ឬនិន្នាការនយោបាយ​អ្វី​ឡើយ។

សូម​បញ្ជាក់ថា ៖​ការ​បើក​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​ចាស់ជរា​គ្មាន​ទីពឹង ឬ​មាន​ជីវភាព​ខ្វះខាតនេះ​ គឺធ្វើឡើង​នៅ​រៀងរាល់​ថ្ងៃទី​០៥ នៃ​ខែ​នី​មួយៗ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ១០ម៉ឺន​រៀល​៕​  វួច ពឿន

អត្ថបទទាក់ទង