ប៉ៃលិន៖ ប៉ៃលិន៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវី-១៩ ជុំទី ១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ក្នុងបរិវេណមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន។
ក្នុងពិធីប្រកាសបិទយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនអាយុ១៨ឆ្នាំ ឡើងទៅក្នុងខេត្តប៉ៃលិននោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការបង្កើតឲ្យមាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ទៅនឹងជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រក្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០%ហើយនៅទូទាំងប្រទេស ដែលនេះបង្ហាញឲ្យឃើញពីការកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកជំទាវរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត លើយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ទាំងការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំងយុទ្ធនាការចាក់វ៉ាក់សាំង ដែលឈានដល់ការបិទបញ្ចប់ជុំទី១ ដោយជោគជ័យ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍លើកឡើងថា៖ ការបិទយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែកកុមារអាយុពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ គឺនៅបន្តចាក់ជាធម្មតា ហើយលោកជំទាវ ក៏បានណែនាំឲ្យរដ្ឋបាលខេត្ត រក្សាទុកវ៉ាក់សាំងមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ជាពិសេសពលករដែលមកពីប្រទេសថៃ ដើម្បីឲ្យពួកគាត់មានឱកាសទទួលបាន វ៉ាក់សាំងសម្រាប់ជាកងការពារខ្លួនផងដែរ៕
បើតាមការបញ្ជាក់របស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ៤១,៩៧៧ ស្មើនឹង ១០២,៣៩%, ដូសទី២ ចំនួន៣៩,៥៦៦នាក់ ស្មើនឹង ៩៦,៥១% ដោយបានប្រើប្រាស់គ្រូពេទ្យចំនួន ៧ក្រុម គ្រប់ឃុំ-សង្កាត់ ទូទាំងខេត្ត ដោយឡែកកុមារអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៨,៥២៨នាក់ ស្មើនឹង៨៥,២០% និងដូសទី២ កំពុងដំណើការចាក់ជារៀងរាល់ថ្ងៃ ចំណែកសម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលឯកជន បុគ្គលិកសុខាភិបាលស័្មគ្រចិត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកងកំលាំងជួរមុខ ទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញ ចំនួន ២,៣៧៣នាក់ ហើយរហូតមកដល់ពេលនេះ ខេត្តប៉ៃលិន មានអ្នកឆ្លងជម្ងឺកូវីដ-១៩ សរុបចំនួន ២,០៥៧នាក់ (ភាគច្រើនជាពលករមកពីប្រទេសថៃ) បានព្យាបាលជាសះស្បើយចំនួន ១,៧៨២នាក់ ,ស្លាប់ ៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៧០នាក់៕