រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំបន្លែនៅក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅ

  • 551
  • ដោយ poeuninfo

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមន្ត្រីជំនាញពាក់ព័ន្ធបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលដាំដុះបន្លែបង្ការគ្រប់មុខនៅក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅដែលកំពុងមានបញ្ហាប្រឈមក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។

    លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍ថា៖ នៅក្នុងអំឡុងពេលដែលប្រទេសយើងកំពុងជួបវិបត្តិជំងឺកូវីត-១៩ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់បងប្អូនប្រជាកសិករអាជីវករនិងការធ្វើជំនួញពាណិជ្ជកម្មផ្សេងៗជួបបញ្ហាលំបាកហើយបងប្អូនពលករដែលធ្វើការនៅក្នុងប្រទេសថៃក៏បានចាប់ផ្ដើមវិលត្រឡប់មកវិញ ជាពិសេសពាក់ព័ន្ធជាមួយនឹងបណ្ដាលខេត្តដែលនៅជាប់ព្រំដែនជាមួយប្រទេសថៃ។

     លោកជំទាវបន្តថា៖ ព្រោះតែវិបត្តិជំងឺកូវីដ-១៩ បងប្អូនយើងមិនអាចធ្វើដំណើរទៅប្រកបមុខរបរផ្សេងៗនៅក្រៅខេត្តបាន ក៏ប៉ុន្តែសម្រាប់បងប្អូនប្រជាកសិករយើងអាចរៀបចំធ្វើការបង្កបង្កើនផលជាលក្ខណៈគ្រួសារតាមរយៈការដាំដុះដំណាំបន្លែបង្ការផ្សេងៗនៅជុំវិញផ្ទះព្រមទាំងការចិញ្ចឹមសត្វ ដើម្បីធ្វើការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងខេត្តប៉ៃលិនរបស់យើង។ លោកជំទាវក៏បានស្នើសុំឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងមន្ទីរពាណិជ្ជកម្មធ្វើការផ្ដល់ប្រឹក្សាទាំងបច្ចេកទេសទាំងពូជដំណាំជូនបងប្អូនប្រជាកសិករយើងដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការផលិតឲ្យបានទាំងបរិមាណនិងគុណភាពសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងខេត្តប៉ៃលិនក៏ដូចជាការកាត់បន្ថយការនាំចូលពីក្រៅប្រទេស ដែលនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារនៅតាមសហគមន៍ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា៖ ដើម្បីជួយសម្រួលបន្ទុកនៃការលំបាករបស់បងប្អូនប្រជាកសិករយើងដែលរងផលប៉ះពាល់សម្រាប់ផលិតផលមៀនខេត្តប៉ៃលិនកន្លងមក រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាទិញផ្លែមៀនដែលមានការកកស្ទះដែលពុំអាចនាំចេញទៅក្រៅប្រទេសបានសម្រាប់ចែកជូនបងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលនេះគឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការជួយសម្រួលការលំបាករបស់បងប្អូនប្រជាកសិករយើង ។ ដោយឡែកសម្រាប់ខេត្តប៉ៃលិនលោកជំទាវអភិបាលខេត្តប៉ៃលិនក៏បានបញ្ជាទិញផ្លែមានគិតរហូតមកដល់ពេលនេះបានចំនួនជាង ១០តោនផងដែរ ដើម្បីចែកជូនបងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមគោលដៅចត្តាឡីស័កនិងគោលដៅព្យាបាលនៅក្នុងខេត្តប៉ៃលិនក៏ដូចជាក្រុមគ្រូពេទ្យដែលកំពុងបម្រើការងារយ៉ាងសកម្មទៅតាមគោលដៅផ្សេងៗផងដែរ។ ទន្ទឹមនឹងការជួយសម្រួលទិញផ្លែមៀនរបស់បងប្អូនប្រជាកសិករលោកជំទាវអភិបាលខេត្តក៏បានធ្វើការបញ្ជាទិញបន្លែបង្ការរបស់បងប្អូនប្រជាពលរដ្ឋដែលផលិតបាននៅក្នុងខេត្តប៉ៃលិន ដើម្បីធ្វើជាម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនិងព្យាបាលនៅតាមមណ្ឌលនានានៅក្នុងខេត្តប៉ៃលិន។

ក្នុងឱកាសនោះលោកជំទាវក៏បានឧបត្ថម្ភទុនបន្ថែមជូនចំពោះកសិករឈ្មោះហង្ស សុវណ្ណ ដើម្បីពង្រីកទំហំផ្ទៃដីដាំដុះដំណាំមើមការ៉ុតពីទំហំផ្ទៃដីសាកល្បងពីចំនួន១រ៉ៃ ទៅចំនួន៣រ៉ៃផងដែរ៕

អត្ថបទទាក់ទង