ថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមដំណើរដោយលោកប្រធានមន្ទីរ មន្រ្តីរាជការ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាននាំយកអំណោយរបស់កាកបាទក្រហមខេត្ត និងអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៥៩ គ្រួសារ មកពីឃុំទាំង៤ រួមមាន ឃុំស្ទឹងកាច់ ឃុំអូរអណ្តូង ឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមួយគ្រួសារៗទទួលបាន អង្ករ៤០គីឡូក្រាម មី១កេះ ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួ ទឹកសុទ្ធដបធំ១យួ ឃីត១កញ្ចប់ មានៈ ភួយ១ មុង១កន្ទេល១ និងថវិកា៥០០០០រៀល។
មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចាត់ទុកការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាទុកលំបាករបស់លោកជំទាវដែរ និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ រងទុក្ខលំបាក អត់បាយស្លាប់ដោយមិនមានការជួយសង្រ្គោះនោះឡើយ។ លោកជំទាវបានមានប្រសាសន៍ថា បច្ចុប្បន្ននេះយើងកំពុងមានការលំបាកដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ ដែលប៉ះពាល់ដល់ការប្រកបរបរ រកទទួលទានរបស់ប្រជាពលរដ្ឋយើង។ ហេតុនេះ ក្នុងនាមរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយទាំងនេះមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីសំរួលដល់ជីវភាពរស់នៅរបស់បងប្អូនមួយកំរិត។ លោកជំទាវបានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះប្រជាពលករដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃកំពុងវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដែលរដ្ឋាភិបាលកម្ពុជាយើងមានការព្រួយបារម្ភថា ពួកគាត់អាចនាំមេរោគកូវីដ១៩ មកចំឡងដល់ប្រជាពលរដ្ឋនៅក្នុងប្រទេស និងតម្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុនអនុញ្ញាតិអោយទៅជួបជុំក្រុមគ្រួសារ។ ប្រជាពលរដ្ឋយើងទាំងអស់ដែលមានកូនចៅទៅធ្វើការនៅប្រទេសថៃ ត្រូវណែនាំកូនចៅរបស់ខ្លួន មិនត្រូវវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញទេក្នុងសភាពការណ៍បែបនេះ គឺត្រូវស្នាក់នៅ ធ្វើការនៅនឹងកន្លែង។ ប៉ុន្តែបើចាំបាច់ត្រូវតែវិលត្រឡប់មកប្រទេសកម្ពុជាវិញក៏ត្រូវចូលតាមច្រកទ្វារព្រំដែនត្រឹមត្រូវ និងចូលខ្លួនធ្វើចត្តាឡីស័ក១៤ថ្ងៃសិន។ ការធ្វើចត្តាឡីស័កនេះមិនមែនជាការឃុំឃាំងធ្វើបាបអ្វីទេ តែពលករធ្វើចត្តាឡីស័កទាំងអស់ត្រូវអោយស្នាក់នៅក្នុងបន្ទប់សណ្ឋាគារ មានរបបអាហារ៣ពេល, មានប្រាក់ឧបត្ថម្ភ២០០០០រៀលក្នុងមួយថ្ងៃ, និងមានការតាមដានសុខភាពដោយយកចិត្តទុកដាក់។ លោកជំទាវបានមានប្រសាសន៍បន្តថា មកដល់ពេលនេះមានប្រជាពលករធ្វើចត្តាឡីស័កចំនួនជាង៤០០នាក់ មានអ្នកធ្វើតេស្តវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ ព្យាបាលជាសះស្បើយចំនួន ១៣នាក់ សល់ម្នាក់ ដែលជាករណីនាំចូលពីខាងក្រៅ មិនមែនជាករណីឆ្លងក្នុងសហគមន៍នោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងកុំព្រួយបារម្ភ តែក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ដោយត្រូវពាក់មាស់អោយបានត្រឹមត្រូវ លាងសម្អាតដៃអោយបានញឹកញាប់ និងត្រូវរក្សាគំលាតគ្នាអោយបាន១ម៉ែត្រកន្លះ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានមានប្រសាសន៍ប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទីផ្សារកសិផលរបស់បងប្អូនប្រជាពលរដ្ឋយើង ដោយធ្វើយ៉ាងណាអោយតម្លៃកសិផលខ្ពស់នៅលើទីផ្សារ អាចទទួលយកបានទាំងកសិករអ្នកផលិត និងក្រុមហ៊ុនទទួលទិញកសិផលរបស់កសិករផងដែរ៕ ដោយ៖ វួច ពឿន