ប៉ៃលិន៖ មានប្រសាសន៍ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅបរិវេនវត្តព្រំមរកត ឯកឧត្តម ហុក សុផល អភិបាលខេត្តស្តីទី បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារពាក់ព័ន្ធ និងព្រំប្រទល់ដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានឆាប់រហ័ស ពីព្រោះការធ្វើប័ណ្ណកម្មសិទ្ធិគឺជា ការកំណត់ព្រំប្រទល់ដីធ្លីរបស់យើងដោយស្របច្បាប់ ហើយប័ណ្ណកម្មសិទ្ធិនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការកំណត់អត្តសញ្ញាណដីធ្លី ងាយស្រួលចែកបន្តដល់កូន ចៅ ជំនាន់ក្រោយៗ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ ដោយគ្មានជនណាម្នាក់អាចកេងបន្លំបានឡើយ។
ឯកឧត្តម ហុក សុផល បានមានប្រសាសន៍លើកឡើងថា៖ កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាអនុវត្តន៍កំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះក៏មានការកំណែទម្រង់វិស័យដីធ្លីផងដែរ ទៅតាមការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងពិតប្រាកដ ដូច្នេះការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាមានភាពងាយស្រួលក្នុងការផ្តល់សិទ្ធិកាន់កាប់ទ្រព្យសម្បតិ្តជូនដល់ប្រជាពលរដ្ឋដោយស្របច្បាប់។
ឯកឧត្តមអភិបាលខេត្តស្តីទី បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមនាពេលនេះ សូមជួយផ្សព្វផ្សាយបន្តឲ្យបងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលមិនបានចូលរួមឲ្យយល់ដឹងពីនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយត្រូវត្រៀមឯកសារពាក់ព័ន្ធមួយចំនួន ដូចជា៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព និងសៀវភៅគ្រួសារជាដើម ហើយក្នុងនោះអាជ្ញាធមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ដីក្នុងតំបន់វិនិច្ឆ័យនេះ សូមផ្តល់ភាពងាយស្រួល និងចូលរួមសហការឲ្យបានល្អជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីឲ្យការអនុវត្តន៍នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធប្រព្រឹត្តទៅដោយរលូន និងជោគជ័យទៅតាមផែនការ។
លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានឲ្យដឹងថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធមាន ៥ដំណាក់កាល៖ ១-ត្រៀមរៀបចំ គឺការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ២-ប្រតិបតិ្តការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារនិងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ ៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ឬមានការពាក់ព័ន្ធនឹងដីរបស់រដ្ឋ និង៥-ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណ ជូនម្ចាស់ដី។
សូមបញ្ជាក់ថា៖ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺមានប្រជាជនសរុបចំនួន ៧២៦គ្រួសារ ស្មើរនឹងចំនួន ៣១២៦នាក់ ស្រី ៦១៦នាក់ មានផ្ទៃដីទំហំ ២២៩ហិចតា ស្មើរនឹង ១៤៣៤ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ២០០ហិចតា និងដីកសិកម្មមានចំនួន ២៩ហិចតា ហើយក្រុមការងារចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនឹងចាប់ផ្តើមវាស់វែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ ញ៉ឹប បូរី ប៉ៃលិន