ប៉ៃលិន៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង លាបគំនូសចរាចរណ៍ និងបាញ់ទឹកសម្អាតដងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភ័ណភាព និងសុខមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ។
លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការរួមគ្នាធ្វើអនាម័យបរិស្ថាន និងការលាងសម្អាតផ្លូវសាធារណៈនាពេលនេះ គឺដើម្បីជាការដាស់តឿន និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្ត ឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នដោយសារអាកាសធាតុមានការប្រែប្រួល និងការបំពុលបរិស្ថាន ដែលបណ្តាលធ្វើឱ្យខ្យល់បរិយាកាសមិនល្អ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាព ដូច្នេះការលាងសម្អាតផ្លូវនាពេលនេះ ក៍ជាការចូលរួមចំណែកថែរក្សាអនាម័យ និងសុខមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងផ្នែកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពោលគឺក្នុងនាមយើងជាម្ចាស់ផ្ទះ ម្ចាស់ទីតាំង ម្ចាស់ទឹកម្ចាស់ដី គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ ឬក្នុងផ្ទះរៀងៗខ្លួនឲ្យបានជាប្រចាំ ដោយនៅមុខផ្ទះ ឬទីតាំងអ្នកណាអ្នកហ្នឹងសម្អាត ឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អត្រឹមត្រូវ និងទុកដាក់ឲ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ ការគូសគំនូសចរាចរណ៍ និងការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវនេះគឺ មានការចូលរួមពីមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿងផងដែរ។