រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនជំរុញការស្ថាបនាផ្លូវអ៊ុតបេទីមីន័រក្នុងតំបន់រដ្ឋបាលខេត្ត អោយបានឆាប់រហ័ស

  • 617
  • ដោយ poeuninfo

រសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និង លោក អៀត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការខេត្ត បានអញ្ជើញចុះមើលការរៀបចំខឿនផ្លូវជុំវិញអាគារដ្ឋបាលខេត្ត និងពន្លឿនអោយឆាប់បានអ៊ុតកៅស៊ូប្រភេទបេទីមីន័រ (AC) ឆាប់រហ័សផងដែរ។

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ដោយឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ទើបអាជ្ញាធរខេត្ត បានចាប់ផ្តើមស្ថាបនាផ្លូវជុំវិញអាគាររដ្ឋបាលមន្ទីរស្ថាប័នជុំវិញខេត្តប្រភេទអ៊ុតកៅស៊ូបេទីមីន័រ (AC)  និងដាក់បង្គោលភ្លើងបំភ្លឺផ្លូវ នៅតាមដងផ្លូវនៅក្នុងតំបន់រដ្ឋបាលខេត្ត ដើម្បីសោភ័ណភាពនាពេលរាត្រីផង និងបញ្ជៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៌ផងដែរ។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល  បានណែនាំដល់មន្ត្រី និងក្រុមហ៊ុនដែលទទួលស្ថាបនាផ្លូវក្នុងតំបន់រដ្ឋបាលខេត្តនេះ ត្រូវយកចិត្តទុកដាក់ធ្វើឱ្យបានលឿន តាមស្តង់ដាបច្ចេកទេស និប្រកបដោយ​គុណភាពខ្ពស់ ស្របតាមកិច្ចសន្យារវាងក្រុមហ៊ុន និងរដ្ឋបាលខេត្តប៉ៃលិន។ ហើយឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលលក់ដូរសូមមេត្តាចូលរួមសំអាតអាម័យនិងទុកដាក់សម្រាមអោយបានស្អាតល្អទាំងអស់គ្នា ដើម្បីបរិស្ថានស្អាតនិងសោភ័ណភាពស្អាត សូមជួយថែរក្សាទាំងអស់គ្នា ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូអង្វែង។ ហើយរដ្ឋបាលខេត្តនឹងធ្វើការផាកពិន័យផងដែរចំពោះជនណាដែលមិនទុកដាក់សម្រាមបានត្រឹមត្រូវនិងចោលគ្មានសណ្តាប់ធ្នាប់ជុំវិញបរិវេណសួនកុមារថ្មីនេះទៀតផង។

      សូមបញ្ជាក់ថា៖ ផ្លូវក្នុងតំបន់រដ្ឋបាលខេត្តប៉ៃលិន ដែលគ្រោងអ៊ុតកៅស៊ូបេទីមីន័រ (AC) នេះ មានប្រវែង ៨៧៨ម៉ែត្រ ស្មើនឹង ៩៣៣០ម៉ែត្រការ៉េ ដាក់លូមូលអង្កត់ផ្ចិត ០,៨ម៉ែត្រ សងខាងផ្លូវ ប្រវែង ២៧៥៦ម៉ែត្រ និងរៀបថ្មម៉ាប ចំនួន ៦៦២០ម៉ែត្រការ៉េ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត និងសម្រួលចរាចរណ៍ផងដែរ។

អត្ថបទទាក់ទង