នៅសាលាខេត្តប៉ៃលិន ថ្ងៃទី១២ មេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដែលជាកម្លាំងប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចាត់វិធានការណ៍ជាច្រើនទប់ស្កាត់ការរីករាលដាលជម្ងកូវីត១៩ដើម្បីកុំឆ្លងទៅសហគមភូមិឃុំ។ ដូច្នេះក្រុមគ្រូពេទ្យ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស។កម្ពុជា ជាដែនដីមួយក្នុងចំណោមដែនដីប្រមាណ១៩៥នៅលើពិភពលោក ដែលបានរងការរាតត្បាតដោយជំងឺកូវីដ១៩ផងដែរ។ មកដល់ពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា បាននឹងកំពុងធ្វើសកម្មភាព ព្រមទាំងដាក់ចេញវិធានការជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។ឯកឧត្តមបានបន្តទៀតថា៖កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យនិងព្យាបាល អោយបានត្រឹមត្រូវក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។ឯកឧត្តមបានចាត់ទុកការចូលរួមរបស់ក្រុមគ្រូពេទ្យ ប្រយុទ្ធជំងឺកូវីដ១៩ថា ជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និង គ្រួសារ ហើយការចូលរួមនេះ គឺប្រកបដោយទឹកចិត្ត ដ៏អង់អាចក្នុងពេលមានគ្រោះអាសន្ន។នៅពេលដែលប្រទេសជាតិមានសង្គ្រាម គេត្រូវការអ្នកដែលអង់អាចក្លាហានចូលសមរភូមិ ដើម្បីប្រយុទ្ធការពារជាតិមាតុភូមិ។ ក្នុងករណីដែលសង្គមជាតិ កំពុងប្រឈមនឹងរោគរាតត្បាតនេះ គេត្រូវការក្រុមគ្រូពេទ្យដែលមានភាពអង់អាច ក្លាហាន ដើម្បីសង្គ្រោះជីវិតមនុស្សផងដែរ។
ក្នុងឪកាសនោះដែរឯកឧត្តមនិងក្រុមការងារក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់គ្រូពេទ្យចូរួមចំនួន៤៧នាក់ ក្នុងម្នាក់ៗចំនួន ១០ ម៉ឺនរៀលផងដែរ។