១. សាវតា
មានរឿងនិទានតៗគ្នាថា នៅឆ្នាំ១៨៤៦ មានព្រានប្រម៉ាញ់ជនជាតិកូឡា និងខ្មែរសុរិន្ទមួយក្រុមបានមកស្នាក់នៅក្នុងស្រុកទ័ពជ័យ ខេត្តច័ន្ទប៊ុន (បច្ចុប្បន្នថៃហៅថាតាប់សៃ ខេត្តច័ន្ទបូរី)។ ក្រុមបរបាញ់បានតាមបរបាញ់សត្វរហូតមកដល់ទឹកដីព្រៃភ្នំដងអូរក៏ប្រទះឃើញសត្វភេកំពុងលេងទឹក ក៏នាំគ្នាចុះទៅងូតទឹក ពេលនោះក៏រើសបានត្បូងថ្មរក្សាទុក។ ព័ត៌មាននេះក៏បានលេចលឺសុះសាយដល់ជនជាតិកូឡា ឡាវ និងខ្មែរសុរិន្ទប្រមាណ ២៥ គ្រួសារ បានមកតាំងលំនៅដ្ឋានប្រកបរបរបាញ់សត្វ និងដើររើសត្បូងលក់ក្នុងតំបន់ភេលេងនេះ។ លុះដល់ឆ្នាំ១៩០៩ ជនជាតិបារំាងសែស (សម័យអាណានិគមនិយម) បានរកឃើញតំបន់នេះ និងបានរៀបចំជាតំបន់រដ្ឋបាលដោយឲ្យឈ្មោះថា ស្រុករតនៈមណ្ឌល បប៉ៃលិន។ ពា្យថា “បប៉ៃលិន” ផ្សំដោយពាក្យថា “ប” មានន័យថា អណ្តូង និងពាក្យ “ប៉ៃលិន” ក្លាយមកពីពាក្យថា “ភេលេង”។ ចាប់ពីពេលនោះមកទឹកដីត្បូងពេជ្រ “បប៉ៃលិន” មានមនុស្សមករស់នៅកាន់តែច្រើនឡើងៗ រហូតមកដល់សម័យសង្គមរាស្រ្តនិយម រាជរដ្ឋាភិបាលបានរៀបចំបង្កើតជាអនុខេត្តបប៉ៃលិន។ ប៉ុន្តែមិនទាន់បានរៀបចំជាតំបន់រដ្ឋបាលនៅឡើយទេ។ នៅឆ្នាំ១៩៧០-១៩៧៥ សម័យសាធារណៈរដ្ឋខ្មែរ បានបង្កើតជាក្រុងប៉ៃលិនមង្គល ដែលមានខណ្ឌចំនួន ០៤ គឺ ខណ្ឌប៉ៃលិន ខណ្ឌកំរៀង ខណ្ឌសំឡូត និង ខណ្ឌវឌ្ឍនសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការការពារបូរណភាពទឹកដី និងគ្រប់គ្រងរដ្ឋបាល។
នៅឆ្នាំ១៩៧៥-១៩៧៩ ទឹកដីប៉ៃលិនគ្មានប្រជាជនរស់នៅទេ។ ចាប់តាំងពីឆ្នាំ១៩៧៩-១៩៨៩ទឹកដីប៉ៃលិន គ្រប់គ្រងដោយរដ្ឋបាល នៃរដ្ឋកម្ពុជា។ ចាប់ពីឆ្នាំ១៩៨៩-១៩៩៦ ទឹកដីប៉ៃលិន គ្រប់គ្រងដោយរដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ។ ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៦ ទឹកដីប៉ៃលិន បានបញ្ចូលសមាហរណកម្មដោយរួមមាន តំបន់រដ្ឋបាល កងកំលាំងប្រដាប់អាវុធ និងប្រជាជន ចូលរួមជាមួយរាជ- រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជកិច្ចផ្សះផ្សារបង្រួបបង្រួមជាតិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ ជាទីសក្ការៈ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់នៃយើង និងក្រោមការដឹកនាំ ប្រកបដោយ ភាពឈ្លាសវៃ ប៉ិនប្រសព្វ ក្នុងន័យស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត នយោបាយ ឈ្នះ ! ឈ្នះ ! របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ក្នុងអាណត្តិទី១ បន្ទាប់ពីបោះឆ្នោតឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។ ទឹកដីប៉ៃលិន ត្រូវបានបង្កើតជាក្រុងប៉ៃលិន ដែលមានថ្នាក់ប្រហាក់ប្រហែលនឹង ខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ ជស/រកត/០៧៩៧/១៤៤ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៧។ បន្ទាប់មកក្រុងប៉ៃលិន ត្រូវបានប្តូរឈ្មោះមកជាខេត្តប៉ៃលិន ដែលមានថ្នាក់ប្រហែលនឹង រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/១២០១៨/១៣៨៤ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។ ចាប់ពីពេលនោះមក ប៉ៃលិនមាននការស្តារអភិវឌ្ឍន៍ និង រីកចំរើនជាបន្តបន្ទាប់តរៀងមក។
២. ឥស្សរជនជាន់ខ្ពស់
- ឯកឧត្តម អ៊ី ឈាន អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន (១៩៩៨-២០១៣)
- ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន (២០១៤-២០១៨)
- ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន (២០១៨-២០១បច្ចុប្បន្ន)